ក្រោយពន្យារពេលកន្លះឆ្នាំ ពានលីគនារី និងពានយុវជន U15 U18 ត្រូវបានលុបចោលហើយ

34010
  • ការប្រកួតលីគនារី និងពានយុវជន U15 U18 ត្រូវបានលុបចោលហើយ ក្រោយពន្យារពេលអស់កន្លះឆ្នាំ ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។
    សហព័ន្ធបាល់ទាត់បានប្រកាសថា៖ “យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចលុបចោលការប្រកួតជម្រើសជើងឯកបាល់ទាត់នារី និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ និង១៨ឆ្នាំ ក្រោយពិចារណាយ៉ាងម៉ត់ចត់លើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារព្រឹត្តិការណ៍ជំងឺកូវីដ-១៩ សហគមន៍ ២០កុម្ភៈ មិនទាន់មានការថមថយ ដែលធ្វើឱ្យប៉ះពាល់ដល់សកម្មភាពប្រមូលផ្ដុំ និងហ្វឹកហាត់របស់ក្រុមយុវជនតាមបណ្ដារាជធានី-ខេត្ត មិនអាចបន្តការប្រកួតតាមកាលវិភាគបាន ក្រោយការពន្យាពេល និងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ”។
    FFC បន្តបញ្ជាក់ទៀតថា៖ “ក្រោយការសម្រេចលុបចោលការប្រកួតខាងលើនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បាននឹងកំពុងរៀបចំការប្រកួតសម្រាប់រដូវកាលថ្មីនាពេលខាងមុខនេះផងដែរ។ ចំពោះការប្រកួតពានរង្វាន់បាល់ទាត់នារី សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចឲ្យក្រុមទាំងពីរដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារី នឹងទទួលបានជ័យលាភីលេខ១ ស្ទួន”។
    គួរជម្រាបផងដែរថា សម្រាប់លីគនារី ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ គឺមានក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏ ដោយសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ស្ទួន។ ចំណែកការប្រកួតជម្រើសជើងឯកយុវជន U15 និង U18 ពុំមានការសម្រេចក្រុមជ័យលាភីដល់ក្រុមណាមួយ៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី