
ដោយទទួលបានប្រាក់ ៧១ លានអឺរ៉ូក្នុងមួយរដូវកាលរបស់ Lionel Messi ដែលជាអ្នករកចំណូលបានច្រើនជាងគេនៅ Barcelona ធ្វើឱ្យ Camp Nou កាត់បន្ថយការចំណាយយ៉ាងច្រើន ចំពេលក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
ការចាកចេញរបស់ Messi ទៅ PSG បានធ្វើឱ្យកីឡាករ Antoine Griezmann ដែលទទួលបានប្រាក់ឈ្នួល ៣៦ លានអឺរ៉ូក្នុងមួយរដូវកាលក្លាយជាកីឡាករចំណូលខ្ពស់បំផុតប្រចាំក្លិប។ ទោះយ៉ាងណាក៏ដោយខណៈដែល Griezmann បានចាកចេញពី Barca ក្នុងលក្ខខណ្ឌខ្ចីជើងត្រឡប់ទៅកាន់ក្លិបចាស់ Atletico Madrid វិញ ដើម្បីកាត់បន្ថយការចំណាយរបស់ក្លិប Barcelona។
ឥឡូវនេះ Philippe Coutinho គឺជាអ្នករកចំណូលបានច្រើនជាងគេរបស់ Barca ជាមួយនឹងកុងត្រាដែលធ្វើឱ្យតារារូបនេះទទួលបាន ២៤ លានអឺរ៉ូក្នុងមួយរដូវកាល។ ខណៈ Miralem Pjanic ជាអ្នករកចំណូលបានខ្ពស់បំផុតទី ២ នៅ Barca ដោយរកចំណូលបានប្រហែល ១៦ លានអឺរ៉ូក្នុងមួយឆ្នាំ។
ចំណែកឯខ្សែការពារបារាំង Samuel Umtiti គឺជាអ្នករកចំណូលបានច្រើនជាងគេទី ៣ នៅ Barca ជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំប្រហែល ១២,៨ លានអឺរ៉ូ នេះបើយោងតាមសារព័ត៌មាន Sport៕
ដោយ៖ តារា