ទ្រាំយូរហើយ! Pjanic ទម្លាយថា Koeman មិនគោរពខ្ញុំទេ គាត់មិនដែលនិយាយជាមួយខ្ញុំឡើយ

16287
  • ក្រោយពីត្រូវក្លិប Barcelona ដាក់ឱ្យខ្ចីជើងនៅក្លិបមិនសូវល្បីមួយ Miralem Pjanic បានទម្លាយអារម្មណ៍ពិតដែលលាក់ក្នុងចិត្តជាយូរមកហើយ អំពីវេលាដ៏ខ្មៅងងឹតនៅលើទឹកដីអេស្ប៉ាញ។
    Pjanic បានប្រាប់ Marca នៅក្នុងបទសម្ភាសន៍ដ៏ធំមួយថា៖ “លោក Koeman មិនគោរពខ្ញុំទេ។ ខ្ញុំមិនអាចស៊ាំនឹងស្ថានភាពដែលខ្ញុំបានជួបកាលពីឆ្នាំមុនទេ។ ខ្ញុំដឹងថាខ្ញុំមិនចង់បានវាទេ។ ខ្ញុំជាកីឡាករ។ ខ្ញុំចូលចិត្តលេងបាល់ទាត់ នេះគឺជាអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត”។
    អតីតកីឡាករ Juventus រូបនេះលើកឡើងទៀតថា៖ “ខ្ញុំតែងតែចូលចិត្តរបៀបលេងរបស់ Barca ។ វាច្បាស់ណាស់ថាទស្សនៈរបស់ពួកគេសមស្របនឹងខ្ញុំ។ នៅពេលខ្ញុំនៅ Barca ខ្ញុំបានមើលពួកគេលេងហើយខ្ញុំដឹងថានេះគឺជាអ្វីដែលខ្ញុំសុបិនចង់បាន។ ខ្ញុំតែងតែចង់លេងឱ្យ Barca ប៉ុន្តែខ្ញុំមិនរំពឹងថាស្ថានភាពនឹងស្មុគស្មាញទេ។ ពេលវេលាលេងតិចតួច Covid, ខ្ចីជើង…”។
    Pjanic និយាយទៀតថា៖ “Koeman មិនដែលនិយាយជាមួយខ្ញុំទេ។ ខ្ញុំជាកីឡាករដែលអាចទទួលយកអ្វីគ្រប់យ៉ាង ប៉ុន្តែខ្ញុំតែងតែចង់ឱ្យមានការពន្យល់ខ្ញុំ … ហើយមិនដូចខ្ញុំមានអាយុ ១៥ ឆ្នាំទេ។ ខ្ញុំយល់ព្រមកាត់បន្ថយប្រាក់ខែរបស់ខ្ញុំ ហើយចូលរួមជាមួយ Besiktas ព្រោះខ្ញុំចូលចិត្តលេងបាល់ទាត់”។
    គួរជម្រាបជូនថា Pjanic ត្រូវបានខ្ចីជើងទៅលេងឱ្យក្លិបយក្សទួកគី Besiktas ប៉ុន្តែគាត់ត្រូវបានគេរំពឹងថានឹងត្រលប់មក Barcelona វិញនៅរដូវក្តៅក្រោយ។ ខ្សែបម្រើដែលមានបទពិសោធន៍រូបនេះ បានបង្ហាញខ្លួនតិចជាង ១៣០០ នាទីសម្រាប់ Barcelona កាលពីរដូវកាលមុន៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី