
ខ្សែប្រយុទ្ធ Diego Costa របស់ Atletico Madrid បាននិយាយថា គាត់ត្រូវបានអាជ្ញាកណ្តាលគុំមុខ តាមរយៈការកាត់សេចក្តីដោយអយុត្តិធម៌បន្ទាប់ពីគាត់ទទួលបានកាតលឿងនៅពេលប្រកួតជាមួយ Athletic Bilbao កាលពីថ្ងៃអាទិត្យនេះ។
កីឡាករជម្រើសជាតិអេស្ប៉ាញដែលមានដើមកំណើតនៅប្រទេសប្រេស៊ីលរូបនេះ ទទួលបានកាតលឿងមួយដោយសារតែបានបញ្ចេញកាយវិការមិនសមរម្យដាក់អាជ្ញាកណ្តាល បន្ទាប់ពីត្រូវបានអាជ្ញាកណ្តាលផ្លុំកញ្ចែពិន័យបាល់ក្រៅល្បែង។
Costa ហាក់មិនពេញចិត្តចំពោះការឱ្យកាតលឿងនេះឡើយ ដោយលើកឡើងថា៖ «អាជ្ញាកណ្តាលទាំងនោះស្អប់ខ្ញុំ ហើយគ្មានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីដោះស្រាយបញ្ហានេះឡើយ»។
«ពួកគេមួយចំនួនពិន័យកាតលើខ្ញុំដោយសារតែកំហុសតូចតាចបំផុត ហើយមិនថាកំហុសនោះជាអ្វីឡើយ ( ពេលប៉ះជាមួយ Bilbao) អាជ្ញាកណ្តាលរង់ចាំតែឱកាសពិន័យកាតលើខ្ញុំទេ»។
«អ្នកអាចត្រឡប់ទៅមើលការចាក់ផ្សាយឡើងវិញដើម្បីធ្វើការវិភាគបាន ប៉ុន្តែខ្ញុំមិនបានសម្តែងកាយវិការមិនសមរម្យនោះទេ ហើយខ្ញុំមិនសមនឹងទទួលបានកាតឡើយ។ ប៉ុន្តែវាគ្មានអ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះទេ»។
ដោយ៖ តារា