សហព័ន្ធប្រដាល់សកលកម្ពុជា រៀបចំការប្រកួតថ្មីមួយ ដើម្បីឆ្ពោះទៅប្រជែងលើឆាកអន្តរជាតិ

14363
  • សហព័ន្ធប្រដាល់សកលកម្ពុជា រៀបចំការប្រកួតថ្មីមួយ ដើម្បីគោលដៅស៊ីហ្គេម ២លើកចំពោះមុខ។ នេះបើយោងតាមការបញ្ជាក់របស់ NOCC កាលពីពេលថ្មីៗនេះ។
    សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសពីការប្រកួតថ្មីមួយដែលបានដាក់ឈ្មោះថា «ULTIMATE BOXING CHAMPIONSHIP 2021» ដោយសប្តាហ៍ទី១ នឹងត្រូវចាប់ផ្ដើមនាថ្ងៃទី១៩ ខែកញ្ញា ដែលមាន ៦ប្រកួត លើ ៥ប្រភេទទម្ងន់ពី ៤៩ ដល់ ៦៤គីឡូក្រាម ដោយព្រឹត្តិការណ៍នេះ គឺជាការសម្រួចបច្ចេកទេសឆ្ពោះទៅប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២លើកចំពោះមុខ។
    ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ឆឹង យ៉ៅយ៉េន បានអំពាវនាវដល់កីឡាករទាំងអស់ ដែលចូលរួមប្រកួតនេះ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យសហព័ន្ធស្វែងរកបាននូវធនធានល្អៗ ក្នុងដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ក៏ដូចជាគោលដៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។
    ជាមួយគ្នានេះ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោក ប៊ុយ សុភ័ណ្ឌ ក៏បានបញ្ជាក់ថា ULTIMATE BOXING CHAMPIONSHIP 2021 ត្រូវបានធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលនៅកម្ពុជា ឲ្យក្លាយជាប្រភេទកីឡាដ៏មានប្រជាប្រិយភាព និងមានសក្តានុពលនៅក្នុងតំបន់ និងអន្តរជាតិ។
    ULTIMATE BOXING CHAMPIONSHIP 2021 គ្រោងរៀបចំចំនួន ៦លើក រៀងរាល់ពីរសប្តាហ៍ម្ដង នៅក្លឹបប្រដាល់នាយកដ្ឋានអង្គរក្សរបស់លោក ស៊ន អេលីត។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០ នាទីល្ងាច ដោយមានចំនួន ៦គូ៕ ដោយ៖ តារា រូបភាព៖ SEA GAME 2023

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី