កីឡាករជើងចាស់កូនកាត់ខ្មែរ-បារាំង វ៉ា សុខថន ត្រឡប់មកជួយក្លឹបភ្នំពេញក្រោនវិញនារដូវកាលថ្មីនេះ

43299
  • ក្រុមយក្សរបស់កម្ពុជាក្លឹបភ្នំពេញក្រោន បានធ្វើការនាំយកកីឡាករកូនកាត់ខ្មែរបារាំង វ៉ា សុខថន ត្រឡប់មកលេងនៅកីឡាដ្ឋាន RSN វិញបន្ទាប់ពីចាកចេញត្រឡប់ទៅកាន់ប្រទេសបារាំងកាលពីឆ្នាំ ២០១៥ ។

    កាលពីម្សិលមិញក្លឹបភ្នំពេញក្រោនបានបង្ហាញសមាជិកថ្មីរបស់ខ្លួនម្នាក់ផ្សេងទៀតដែលជាអតីតកីឡាកររបស់ខ្លួន និងអតីតកីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជា ខ្សែបម្រើប្រយុទ្ធកូនកាត់ខ្មែរ-បារាំង វ៉ា សុខថន ដើម្បីត្រៀមខ្លួនធ្វើការប្រកួតប្រជែងដណ្ដើមពានរង្វាន់ លីគកំពូលកម្ពុជា និង ហ៊ុនសែនខា​ប់ នារដូវកាលថ្មី ២០១៩ ខាងមុខនេះ ។

    ខ្សែបម្រើប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លឹប ES Torcy និងបន្តលេងឲ្យក្លឹបជាច្រើនផ្សេងទៀតនៅក្នុងនប្រទេសបារាំងដូចជាក្លឹប FC Montceau Bourgogne, ក្លឹប US Motte Servolex , ក្លឹប SO Chambery Foot 73 និងក្លឹប Le Creusot Club JO ។ ខណះកាលពីឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះបានផ្ទេរមកលេងនៅទឹកដីកំណើតរបស់ខ្លួនប្រទេសកម្ពុជាក្លឹបភ្នំពេញក្រោន និងក៏បានជាប់ជម្រើសជាតិកម្ពុជាផងដែរដោយធ្លាប់បានបង្ហាញខ្លួនបានចំនួន ៦ លើក ។ បន្ទាប់ពីជួយឲ្យក្លឹបភ្នំពេញក្រោនលើកពានរង្វាន់លីគកំពូលកម្ពុជានៅរដូវកាល ២០១៥ សុខថនបានវិលត្រឡប់ទៅលេងនៅប្រទេសបារាំងវិញដោយបានលេងឲ្យក្លឹប  JO Le Creusot ក្នុងឆ្នាំ ២០១៥-២០១៦ និងលេងឲ្យក្លឹប UFC Torcy កាលពីរដូវកាល ២០១៦-២០១៧ និងចុងក្រោយលេងឲ្យក្លឹប US Saint-Sernin-du-Bois កាលពីរដូវកាល ២០១៧-២០១៨ មុនពេលសម្រេចចិត្តត្រឡប់មកលេងនៅក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Metfone Cambodian League ចំនួន ៦ សម័យកាលមួយនេះ នារដូវកាលថ្មី ២០១៩ ខាងមុខ ។

    Image may contain: 1 person, beard

    តាមការសង្កេតមើលនៅក្នុងទីផ្សាដោះដូរកីឡាករក្នុងប្រទេសកម្ពុជានាពេលថ្មីនេះក្លឹបភ្នំពេញក្រោនបាននាំយកកីឡាករបរទេសឆ្នើមៗជាច្រើនរូបដូចជាខ្សែបម្រើប្រយុទ្ធសញ្ជាតិកូរ៉េ Tae Woong Kim , ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Paulo Victor ,  និងអ្នកចាំទីសញ្ជាតិប្រេស៊ីល Leonardo Oliveira Tavares និងរួមនាំយកអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Leonardo Vitorino រួមជាមួយគ្រូជំនួយ និងគ្រូពេទ្យជាច្រើននាក់ ដែលហាក់បីមើលទៅដូចជាក្លឹបមួយចង់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជាសារជាថ្មីម្ដងទៀតនារដូវកាលថ្មីនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី