
ក្លឹបកំពូលៗដូចជា Chelsea , ក្លឹប Manchester United និងក្លឹប Liverpool សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់បានតារាវ័យក្មេងសញ្ជាតិអាមេរិកកីឡាករ Christian Pulisic ខណះក្លឹប Borussia Dortmund បានបង្ហើបថាខ្សែបម្រើប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះអាចនឹងចាកចេញពីកីឡាដ្ឋាន Westfalenstadion ក្នុងខែមករានេះជាមួយដ៏ខ្ពស់មួយ ។
ប្រធានក្លឹប BVB លោក Michael Zorc កាលពីសប្តាហ៍នេះបានបញ្ជាក់ថាគ្មាន កីឡាករឆ្នើមម្នាក់ណាដែលមិនអាចចាកចេញពី Dortmund នៅក្នុងខែមករានេះនោះទេ ។ លោក Michael Zorc បានប្រាប់ Sport-Bild ថា៖ ” យើងនឹងមិនលក់កីឡាករម្នាក់ក្នុងរដូវរងារដែលចាំបាច់សម្រាប់យើងក្នុងការសម្រេចគោលដៅរបស់យើងនោះទេ នោះជារឿងពិត ” ។ ចំណែកឯ Pulisic វិញលោក Zorc មិនសូវជឿជាក់ទេដោយគ្រាន់តែនិយាយថា៖ ” ខ្ញុំរំពឹងយ៉ាងមុតមាំថា Christian នឹងបន្តពាក់អាវ BVB នៅខែកុម្ភៈ ” ។
ខ្សែបម្រើស្លាបវ័យ ២០ ឆ្នាំរូបនេះហាក់បីដូចជាកីឡាករមិនសូវសំខាន់នោះទេសម្រាប់ក្រុមយក្សរបស់ក្របខ័ណ្ឌ Bundesliga នារដូវកាលនេះ នៅពេលដែលសមាជិកក្រុមជម្រើសជាតិអាមេរិចរូបនេះបាត់បង់តំណែងជម្រើសដំបូងរបស់ខ្លួនក្រោមថ្វីដៃកីឡាករ Jadon Sancho ។ ដូច្នេះរបាយការណ៍បានបញ្ជាក់ថា Borussia Dortmund កំពុងតែត្រៀមខ្លួនជាស្រេចក្នុងការទទួលបានលុយដ៏ច្រើនសន្ធឹកសន្ធាប់នៅខែក្រោយនេះ ។
Christian Pulisic បានចាប់ផ្តើមជាជម្រើសដំបូងតែមួយប្រកួតតែប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Lucien Favre ចាប់តាំងពីខែកញ្ញារហូតដល់ការទទួលជ័យជម្នះ ២-០ របស់ក្រុម Dortmund លើក្រុម Monaco ក្នុងក្របខ័ណ្ឌ Champions League ។ កីឡាករវ័យ ២០ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ១៦ ដងនៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះរហូតមកដល់ពេលនេះដោយមានរយៈពេលសរុបចំនួន ៩៣៣ នាទី ខណៈបើគិតចំនួនប្រកួតដូចគ្នាកាលពីឆ្នាំមុន Pulisic បានលេងរហូតដល់ ១៥០០ នាទីឯណោះ ៕
ដោយ៖តារា