AC Milan ចង់ប្រគល់ Higuain ទៅឱ្យ Chelsea បន្ទាប់ពីពួកគេគ្មានលទ្ធផលទិញផ្ដាច់កុងត្រា

7519

ការសែត Rai Sport របស់អ៊ីតាលីបានអះអាងថាក្លឹប AC Milan មិនមានបំណងទិញផ្ដាច់កុងត្រារបស់ Gonzalo Higuain នៅចុងបញ្ចប់នៃរដូវកាលនេះទេ ដែលបច្ចុប្បន្នកំពុងលេងក្នុងនាមជាកីឡាករខ្ចីជើងមកពីក្លឹប Juventus ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាម្ចាស់ក្លិប AC Milan និងនាយកគ្របគ្រងលោក Elliott  មិនមានចំណាប់អារម្មណ៍លើការចំណាយប្រាក់ក្នុងការចុះហត្ថលេខាលើកីឡាករដែលមានអាយុ ៣១ ឆ្នាំរូបនេះនោះឡើយ ។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះទទួលបានប្រាក់បៀវត្សរ៍ចំនួន ៥,៥ លានអឺរ៉ូក្នុងមួយឆ្នាំ ហើយត្រូវបានគេនិយាយថាក្លឹប AC Milan មិនមានបំណងក្នុងការចំណាយប្រាក់ដ៏ច្រើនបែបនេះនោះទេ ។ Gonzalo Higuain បានចូលរួមជាមួយក្លិប AC Milan ក្នុងតម្លៃ ១៨ លានអឺរ៉ូជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់នៅចុងបញ្ចប់នៃរដូវកាលក្នុងតម្លៃ ៣៦ លានអឺរ៉ូ ។ ខណះក្រុមយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះក៏កំពុងប្រឈមនឹងបទបញ្ជាហិរញ្ញវត្ថុរបស់ UEFA ផងដែរ ដែលតម្រូវឲ្យពួកគេព្យាយាមកាត់បន្ថយការចំណាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

Rai Sport បានបន្ថែមទៀតថាក្រុម AC Milan បានសម្លឹងមើលរួចរាល់ហើយក្នុងការបញ្ចូលខ្សែប្រយុទ្ធដែលមានប្រាក់ឈ្នួលខ្ពស់រូបនេះទៅកាន់ Chelsea ដែលជាកន្លែងដែល Higuain អាចជួបជុំជាមួយអតីតគ្រូបង្វឹករបស់គាត់កាលពីលេងនៅក្លឹប Napoli  លោក Maurizio Sarri ។ ខណះកាលពីពេលថ្មីៗនេះកីឡាករ Gonzalo Higuain បានបញ្ជាក់ថាលោក Maurizio Sarri ចង់ឱ្យគាត់ផ្លាស់ទៅ Chelsea នៅរដូវក្តៅខាងមុខ ។

ចំណែកឯក្លឹបតោខៀវ Chelsea ក្នុងពេលប៉ុន្មានប្រកួតចុងក្រោយនេះបង្ហាញទម្រង់លេងមិនសូវបានល្អទាល់តែសោះដោយភ្លាត់ចាញ់ចំនួន ២ ប្រកួតដែលបានធ្វើឲ្យពួកគេខកខានក្នុងការប្រជែងឈរនៅកំពូលតារាងដោយធ្លាក់មកកាន់លេខ ៤ ក្នុងតារាងក្របខ័ណ្ឌ  Premier League ខណៈដែលខ្សែប្រយុទ្ធកណ្ដាលចំនួនពីររូបគឺកីឡាករ Morata និង Giroud បង្ហាញទម្រង់លេងមិនល្អទាល់តែសោះ ដោយមិនមានគ្រាប់ស៊ុតបញ្ចូលទីគ្រប់គ្រាន់នោះឡើយ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី