បន្ទាប់ពីពិភាក្សាជាមួយសហព័ន្ធក្លឹបភ្នំពេញក្រោនសម្រេចរក្សាជំហរដូចសេចក្ដីថ្លែងការណ៍របស់ខ្លួន

20248

បន្ទាប់ពីពិភាក្សារវាងឧកញ៉ា ឬទ្ធី សំណាង ដែលជាប្រធានក្លឹបភ្នំពេញក្រោន ជាមួយថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីខាងសហព័ន្ធកាលពីថ្ងៃទី ២០ ខែ ធ្នូ រួចមក ក្លឹបភ្នំពេញក្រោនបានសម្រេចរក្សាជំហរដ៏ដែលពោលគឺដូចសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី ១៧ កន្លងមកនេះ ។

លោកឧកញ៉ា ឬទ្ធី សំណាង ដែលជាប្រធានក្លឹប ភ្នំពេញក្រោន ដែលជាក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជាចំនួន ៦ សម័យកាលមួយនេះបានថ្លែងថាមាន ២ ចំណុចដែលក្លឹបចង់បានពោលគឺទី ១ ក្លឹបបានទាមទារឲ្យទូទាត់ថ្លៃសំណង់ការអភិវឌ្ឍន៍កីឡាករទាំង ៥ រូប និងទី ២ គឺក្លឹបចង់ឲ្យធ្វើការដោះស្រាយដោយឈរទៅលើច្បាប់ FIFA ដូចដែលលោកអគ្គលេខាធិការសហព័ន្ធ ( លោក កែវ សារ៉េត ) ធ្លាប់លើកឡើងកាលពីពេលថ្មីៗកន្លងមកនេះ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៧ ខែ ធ្នូ កន្លងទៅក្លឹបភ្នំពេញក្រោនបានចេញសេចក្ដីថ្លែងការណ៍មួយដោយមានខ្លឹមសារដូចតទៅ៖ ” ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតនៅក្នុងគម្រោងបណ្ដុះបណ្ដាលថ្នាល់របស់ក្លឹបភ្នំពេញក្រោនទៅកាន់ក្លឹបដ៏ទៃដោយមិនមានតម្លៃសំណងការអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់រាល់សកម្មភាពអភិវឌ្ឍន៍បាល់ទាត់ទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីលីគកំពូលកម្ពុជា ឬ មិត្តហ្វូនខេមបូឌានលីគ ” ។ ហើយជំហរនេះ គឺដើម្បីការពារបេសកកម្មការអភិវឌ្ឍន៍បាល់ទាត់ថ្នាល់ និងជម្រុញឲ្យក្លឹបបាល់ទាត់ដ៏ទៃផ្សេងទៀតអនុវត្តន៍តាមការបណ្ដុះបណ្ដាលបន្ថែមទៀតដើម្បីធានាឲ្យមានការប្រកួតប្រជែងនៅក្នុងលីគកាន់តែខ្លាំងនាពេលអណាគត ព្រមទាំងការរួមចំណែកកសាង និងពង្រឹងធនធានកីឡាករកម្ពុជាថែមទៀតផង ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី