
ក្លឹប Manchester City បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាមួយនឹង ១០០ ពិន្ទុកាលពីរដូវកាលមុន ប៉ុន្តែលោក Pep Guardiola ជឿជាក់ថាពួកគេនឹងកាន់តែល្អប្រសើរនៅរដូវកាលថ្មីនេះ។
រដូវកាលទី ២ របស់បុរសសញ្ជាតិអស្ប៉ាញរូបនេះនៅកីឡដ្ឋាន Etihad លោកបានជួយឲ្យក្លឹបមេឃខៀវ Manchester City ឈ្នះពានរង្វានក្នុងស្រុកចំនួនពីរគឺ លើកពានក្របខ័ណ្ឌ Premier League និងពាន Carabao Cup ខណៈក្រុម Man City បានវ៉ាដាច់ក្រុមលេខពីរក្លឹបបីសាចក្រហម Manchester United រហូតដល់ចំនួន ១៩ ពិន្ទុកាលពីរដូវកាលមុន ។
នារដូវកាលថ្មី ២០១៨/២០១៩ នេះក្លឹប Manchester City បានភ្លាត់ចាញ់ក្លឹបតោខៀវ Chelsea និងក្រុមនៅជិតបាតតារាង Crystal Palace ដែលធ្វើឲ្យពួកគេធ្លាក់ចេញពីកំពូលតារាងនៃក្របខ័ណ្ឌលីគកំពូលអង់គ្លេស ខណះបើគិតត្រឹមសប្ដាហ៍ទី ១៧ នេះក្លឹបហងក្រហម Liverpool កំពុងកាន់កាប់កំពូលតារាងនារដូវកាលថ្មីនេះ ។
ទោះជាយ៉ាងណាក៏ដោយលោក Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City មានអារម្មណ៍ថាក្រុមរបស់លោករឹតតែខ្លាំងជាងរដូវកាលមុននោះទៅទៀត ដោយលោកបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ ” យើងល្អប្រសើរជាងរដូវកាលមុនដែលជារឿងធម្មតាទេ ព្រោះយើងមានពេលវេលាច្រើនជាមួយគ្នា ។ ដំណើរការរបស់យើង ការកសាងរបស់យើង និងភាពតានតឹងខ្លាំង យើងអាចប្រើចលនាខុសគ្នាយើងមានជម្រើសជាច្រើនទៀតដើម្បីការពារការវាយប្រហារហើយយើងមានភាពរឹងមាំជាងរដូវកាលមុន ” ៕
ដោយ៖តារា