
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងចំណាយថវិការហូតដល់ ៦០ ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំពិធីបើក និង បិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ ២០១៨ ដែលនឹងចាប់ពីថ្ងៃទី ២៥ ឧសភា ដល់ ទី ៥ មិថុនា ខាងមុខ។ ថវិកានេះជាតួរលេខដ៏ខ្ពស់មួយ ធៀបនឹងឆ្នាំ២០១៦ដែលចំណាយត្រឹម ៤០ ម៉ឺនដុល្លារអាមេរិក។
ព្រឹត្តិការណ៍កីឡាជាតិនេះជាយានឆ្ពោះទៅរៀបកីឡារស៊ីហ្គេមឆ្នាំ ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ដែលមាន ២៧ វិញ្ញាសារ ចែកជា ២៨២ ព្រឹត្តិការណ៍ប្រកួត។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ពិធីបើកនៅថ្ងៃទី ២៥ ឧសភា ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ដែលរឹតតែប្លែកជាងមុនខ្លាំងដូចជាប្រើបច្ចេកវិទ្យាទំនើបបាញ់ភ្លើងពណ៌ និង ការបាញ់កាំជ្រួចជាដើម។ ការចំណាយច្រើននេះ ព្រោះមានការបង្ហាញពីបច្ចេកវិទ្យាទំនើប សម្ដែងផែនបែបវប្បធម៌ ផែនកីឡាករជាក្រុម ដូច តេ្វក្វាន់ដូ ល្បុក្កតោ ការសម្ដែងរបស់ យុវជន ស.ស.យ.ក និង កីឡាករមកពីសាលាកីឡាជាតិ។ ផែននៃអ្នកចូលរួមសម្ដែង ប្រហែលជាជា ៥ ពាន់នាក់។
ពិសេសជាងនេះទៀត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នឹងប្រោសប្រទានភ្លើងអាទិទេព ពីព្រះបរមរាជវាំង បន្តរហូតដល់ពហុកីឡដ្ឋានជាតិ ជាទីដែល សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រើឧបករណ៍ដោយចុចប៊ូតុងពីចម្ងាយអុជភ្លើងដើម្បីចាប់ផ្ដើមការប្រកួតជាផ្លូវការ។
ដោយ៖ តារា