
យោងតាមរបាយការណ៍ក្នុងប្រទេសបារាំងតាមរយៈសារព័ត៌មាន La Repubblica បានឲ្យដឹងថាក្លឹប Paris Saint-Germain នឹងបង្ខំដាក់លក់កំពូលខ្សែប្រយុទ្ធ Mbappe ឬ Neymar នៅរដូវក្តៅនេះ ស្របពេលដែលក្លឹប Juventus បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករបារាំងវ័យក្មេង ។
កីឡាករដែលបានជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ( FIFA World Cup ) ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus ប្រសិនបើពួកគេលក់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Paulo Dybala ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ នារដូវក្ដៅនេះ ។
ប្រធានក្លឹប Juventus លោក Andrea Agnelli នាពេលថ្មីៗនេះបាននិយាយថាបន្ទាប់ពីការចុះហត្ថលេខា Cristiano Ronaldo គោលដៅសំខាន់នៃការផ្ទេរបន្ទាប់គឺដើម្បីនាំយក CR7 វ័យក្មេងម្នាក់ ខណះ Mbappe ដែលទើបតែជាប់ជាកីឡាករឆ្នើមបំផុតប្រចាំប្រទេសបារាំងគឺសាកសមបំផុតក្នុងការក្លាយជា Ronaldo ថ្មី ៕
ដោយ៖តារា