
អ្នកចាត់បីសាចក្រហមលោក Jose Mourinho បានឌឺដងឲ្យគូដៃគូរលោក Pep Guardiola អ្នកចាត់ការក្រុម Manchester City ថា ក្រុម Man Utd ទោះបីចាញ់ ក៏ចាញ់ដោយសេចក្តីថ្លៃថ្នូរដែរ ។
ការលើកឡើងរបស់ Mourinho ដូចនេះ គឺបន្ទាប់ពីឃើញក្រុម Man City មានភាពចម្រូងចម្រាសគ្នា ក្រោយធ្លាក់ពី FA Cup ដោយសារចាញ់ Wigan ១-០ ថ្មីៗនេះ។ ក្នុងប្រកួតនោះ Pep បានប្រកែកគ្នាជាមួយលោក Paul Cook អ្នកចាត់ការក្រុម Wigan ខណៈដែល Sergio Aguero បានប្រតាយប្រតប់គ្នាជាមួយអ្នកគាំទ្រម្នាក់ ដែលរត់ចូលមកលើទីលាន ក្រោយចប់ការប្រកួតផងដែរ។
យ៉ាងណាមិញ Man Utd ក៏ធ្លាប់ចាញ់ក្រុមមកពីលីគក្រោមដែរ ដោយចាញ់ Bristol ធ្លាក់ចេញពីពាន Carabao Cup ត្រឹមវគ្គ៨ក្រុម ប៉ុន្តែ Mourinho សរសើរកូនក្រុមរបស់លោក ថាលេងដោយយុត្តិធម៌ និងចាញ់ដោយថ្លៃថ្នូរ។
លោកបាននិយាយថា៖ “តាមពិតយើងចង់ធ្វើឲ្យបានល្អនៅ Premier League ច្រើនជាងការយើងលេងនៅ UEFA Champions League និង FA Cup។ នៅ Carabao Cup បន្ទាប់ពីយើងឈ្នះពានរដូវកាលមុន យើងបានធ្លាក់ក្នុងវគ្គ៨ក្រុម រដូវកាលនេះ។ ប៉ុន្តែយើងចាញ់ដោយយុត្តិធម៌ និងថ្លៃថ្នូរ”៕
ដោយ៖ តារា