ក្លឹប ភ្នំពេញក្រោន បានបង្ហាញអាវុធថ្មីចំនួន ២ រូបបន្ថែមទៀតដែលសុទ្ធសឹងជាជនជាតិប្រេស៊ីល

12297

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើការបង្ហាញសមាជិកថ្មីចំនួន ២ រូបដែលជាសញ្ជាតិប្រេស៊ីលដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជា ឬ Metfone Cambodia League នារដូវកាលថ្មី ២០១៩ ខាងមុខនេះ ។

ម្ចាស់ជើងឯកលីគកំពូលកម្ពុជាចំនួន ៦ សម័យកាល ភ្នំពេញក្រោនក្នុងរដូវកាលថ្មី ២០១៩ ខាងមុខនេះបានបង្ហាញភាពខ្លាំងរបស់ខ្លួនឡើងវិញដោយបាននាំយកកីឡាករបរទេសឆ្នើមៗជាច្រើនរូប និងរួមទាំងគ្រូបង្វឹកដែលជាអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino ។ មុននេះបន្តិចក្នុងវិបសាយផ្លូវការរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបញ្ចេញអាវុធថ្មីរបស់ខ្លួនចំនួន ២ នាក់បន្ថែមទៀត រួមមានខ្សែប្រយុទ្ធ Darlan Martins Benvido និងខ្សែការពារ Jhonata Sant’anna da Silva ដែលពួកគេទាំងពីរសុទ្ធសឹងតែជាកីឡាករសញ្ជាតិប្រេស៊ីល ។

ខ្សែប្រយុទ្ធ Darlan Martins Benvido

Darlan Martins Benvido គឺជាខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំដែលមានកម្ពុស់រហូតដល់ ១,៩៣ ម៉ែត្រកើតនៅទីក្រុង ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលដោយចាប់ផ្ដើមអាជីពដំបូងនៅក្នុងឆ្នាំ ២០១៥ ជាមួយក្លឹប Flamengo FC និងផ្លាស់លេងឲ្យក្លឹប Olaria FC ក្នុងឆ្នាំ ២០១៦ រួចបន្តលេងឲ្យក្លឹប Arendal Fotball នៅប្រទេស Norway នៅឆ្នាំ ២០១៧ និងក្លឹបចុងក្រោយ Mageese FC ឆ្នាំ ២០១៨ មុនពេលចុះហត្ថលេខាជាមួយក្លឹបយក្សរបស់កម្ពុជា ភ្នំពេញក្រោន ។

ខ្សែការពារ Jhonata Sant’anna da Silva

រីឯកីឡាករ Jhonata Sant’anna da Silva គឺជាខ្សែការពារវ័យ ២២ ឆ្នាំ បានចាប់ផ្ដើមអាជីពដំបូងនៅក្នុងឆ្នាំ ២០១១ ជាមួយក្លឹប Parana Clube មុនពេលផ្លាស់ទៅកាន់ក្លឹប Olaria AC នៅឆ្នាំ ២០១៣ និងរួចបន្តរួមរស់ជាមួយក្លឹប Botafogo FC ក្នុងឆ្នាំ ២០១៦ មុនពេលសម្រេចធ្វើជារបងការពាររបស់ក្លឹបភ្នំពេញក្រោន នារដូវកាលថ្មី ២០១៩ នេះ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី