Eriksen៖ ខ្ញុំមិននឹកស្មានថាមានមនុស្សផ្ញើផ្កាមកច្រើនបែបនេះទេ ព្រោះខ្ញុំបានស្លា.ប់ ៥នាទីទៅហើយ

23465
  • Christian Eriksen គ្មានក្លឹបលេងចាប់តាំងពីចាកចេញពីក្លឹប Inter Milan ក្នុងខែធ្នូ ប៉ុន្តែហាក់ដូចជាស្វាគមន៍ចំពោះការផ្លាស់ប្តូរទៅកាន់ប្រទេសអង់គ្លេសវិញ។
    Christian Eriksen បានសម្តែងការដឹងគុណរបស់គាត់ចំពោះការគាំទ្រ ដែលបានផ្ញើរសារលើកទឹកចិត្តក្នុងអំឡុងពេលគាត់គាំងបេះដូង ហើយខ្សែបម្រើរូបនេះបានសារភាពថា គាត់ហាក់បានស្លា.ប់អស់រយៈពេល ៥នាទី។ Eriksen បានដួលសន្លប់ក្នុងអំឡុងពេលប្រកួតរវាងដាណឺម៉ាក ជាមួយហ្វាំងឡង់ នៅ Euro 2020 កាលពីខែមិថុនាកន្លង និងត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗតែម្ដងដើម្បីសង្គ្រោះ ហើយបានពាក់ឧបករណ៍ ICD (ជំនួយបេះដូង) តាំងពីពេលនោះមក។
    កីឡាករវ័យ ២៩ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យលេងក្នុងបាល់ទាត់អ៊ីតាលីឡើយ ដោយសារតែបទប្បញ្ញត្តិជុំវិញការបំពាក់ឧបករណ៍ ICD (ជំនួយបេះដូង) ដែលនាំឱ្យ Eriksen និង Inter យល់ព្រមគ្នាទៅវិញទៅមកក្នុងការបញ្ចប់កិច្ចសន្យារបស់គាត់។ គាត់បានចូលរួមជាមួយក្រុម Nerazzurri ក្នុងខែមករា ឆ្នាំ២០២០ បន្ទាប់ពីរយៈពេល ៧ ឆ្នាំនៅក្នុង Premier League ជាមួយក្រុម Tottenham Hotspur។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទូរទស្សន៍ដាណឺម៉ាក DR ខ្សែបម្រើ Eriksen បានថ្លែងអំណរគុណរបស់គាត់ចំពោះអ្នកដែលបានសរសេរសារមកគាត់ ឬបានទៅជួបគាត់ផ្ទាល់។
    Eriksen បាននិយាយថា៖ “វាជារឿងចម្លែក ព្រោះខ្ញុំមិននឹកស្មានថាមានមនុស្សផ្ញើផ្កាមកទេ ព្រោះខ្ញុំបានស្លា.ប់ ៥នាទីទៅហើយ។ វាពិតជាអស្ចារ្យណាស់ ប៉ុន្តែល្អណាស់សម្រាប់អ្នករាល់គ្នា។ មនុស្សនៅតែសរសេរសារមកខ្ញុំ។ ខ្ញុំបានអរគុណមនុស្សដែលខ្ញុំបានជួបដោយផ្ទាល់ ខ្ញុំបានអរគុណគ្រូពេទ្យ មិត្តរួមក្រុមរបស់ខ្ញុំ និងក្រុមគ្រួសាររបស់ពួកគេដោយផ្ទាល់”។
    ខ្សែបម្រើរូបនេះបន្តថា៖ “ហើយអ្នកគាំទ្រទាំងអស់ដែលបានផ្ញើសំបុត្រ អ៊ីមែល និងផ្ការាប់ពាន់ ឬអ្នកដែលមករកខ្ញុំនៅតាមផ្លូវក្នុងប្រទេសអ៊ីតាលី និងដាណឺម៉ាក។ ខ្ញុំសូមអរគុណពួកគេទាំងអស់គ្នាសម្រាប់ការគាំទ្រ ដែលខ្ញុំទទួលបានពីជុំវិញពិភពលោក ដែលបានជួយខ្ញុំឆ្លងកាត់បញ្ហានេះ”៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី