
កីឡាករ Brahim Diaz បាននិយាយថាការលេងឲ្យក្លិប Real Madrid គឺជាក្តីសុបិន្តដែលគាត់មានតាំងពីគាត់នៅជាកុមារភាព បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីផ្ទេរមកពីក្លឹប Manchester City ។
Brahim Diaz បានផ្លាស់ពីក្រុមម្ចាស់ជើងឯក Premier League ក្លឹបមេឃខៀវ Manchester City មកកាន់ក្រុមម្ចាស់ជើងឯក Champions League ក្លឹប Real Madrid នៅលើកិច្ចសន្យា ៦ ឆ្នាំកន្លះ ដែលធ្វើឲ្យរូបគេទទួលបានប្រាក់ឈ្នួលចំនួន ៣,៥ លានអឺរ៉ូក្នុងមួយឆ្នាំ ។
ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះមិនបានចំណាយពេលយូរដើម្បីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបយក្សរបស់អេស្ប៉ាញនេះឡើយដោយបានចូលលេងក្នុងនាមជាកីឡាករបម្រុងកាលពីថ្ងៃពុធក្នុងការទទួលជ័យជម្នះនៃពានរង្វាន់ Copa del Rey ក្នុងលទ្ធផល ៣-០ លើក្រុម Leganes នៅឯកីឡដ្ឋាន Santiago Bernabeu ។
គ្រាប់បាល់ទាំង ៣ គ្រាប់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Sergio Ramos កីឡាករ Lucas Vázquez និងកីឡាករវ័យក្មេង Vinícius Júnior មុនពេលខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីលរូបនេះផ្លាស់ប្ដូកីឡាករចំណូលថ្មី Brahim Diaz ជំនួសវិញ ។ ប៉ុន្តែកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលរូបនេះនៅតែហៅបទពិសោធន៍នេះថាមិនអាចបំភ្លេចបាន បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅឯកីឡដ្ឋាន Bernabeu ។
Brahim Diaz បាននិយាយក្រោយការប្រកួតថា៖ ” នេះគឺជាថ្ងៃដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបាន និងថ្ងៃតែមួយគត់ ។ ការចាប់ផ្តើមដំបូងរបស់ខ្ញុំនៅឯកីឡដ្ឋាន Bernabeu គឺអស្ចារ្យណាស់ ។ នេះគឺជាក្តីសុបិន្តតាំងពីខ្ញុំនៅក្មេង ។ ជ័យជម្នះធ្វើឱ្យសុបិនកាន់តែធំ ប៉ុន្តែខ្ញុំយកអ្វីៗគ្រប់យ៉ាងដោយសន្តិភាព ខ្ញុំនឹងព្យួរអាវដំបូងរបស់ខ្ញុំនៅក្នុងបន្ទប់របស់ខ្ញុំ ” ៕
ដោយ៖តារា