
តារាប្រយុទ្ធឆ្នើម Chelsea កីឡាករ Eden Hazard ជឿថា ក្លឹបនៅ Premier League មួយនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តួល Barcelona នៅ Camp Nou ក្នុងការប្រកួតជើងទីពីរនៃក្របខណ្ឌ UEFA Champions League របស់ពួកគេ។
ក្រុមតោខៀវបាននាំមុខមុន ១-០ នៅលើទឹកដី Stamford Bridge ក្នុងការប្រកួតជើងទីមួយ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេជាមួយ Catalans (Barca) កាលពីថ្ងៃអង្គារនេះ ក្រោយពី Willian ស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទី ៦២ ប៉ុន្តែក្រោយមក Lionel Messi រកបានមួយគ្រាប់តាមស្មើ ដែលជួយឲ្យ Barca អាចគ្រប់គ្រងស្ថានការណ៍បានវិញក្នុងលទ្ធល ១-១។
ទោះបីជាយ៉ាងណាក៏ដោយ Hazard មានជំនឿចិត្តក្នុងការបំបាក់ Barcelona នៅពេលទឹកដីរបស់គេ នៅពេលដែលក្រុមទាំងពីរជួបគ្នាម្តងទៀតនៅថ្ងៃទី ១៤ ខែមីនាខាងមុខនេះ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានប្រាប់អ្នកសារព័ត៌មានថា៖ «យ៉ាងហោចណាស់ យើងនឹងមិនចាំបាច់គិតអំពីរបៀបលេងក្នុងទម្រង់ការពារនៅជើងទីពីរទេ ព្រោះនៅទីនោះប្រសិនបើយើងគិតតែលេងការពារ នោះយើងនឹងមានគ្រោះថ្នាក់ខ្លាំងជាមិនខាន»។
«យើងនឹងទៅទីនោះដើម្បីយកឈ្នះ ព្រោះយើងត្រូវតែស៊ុតបញ្ចូលទីឲ្យបាន ហើយយើងនឹងព្យាយាមលេងឲ្យបានល្អដូចដែលយើងបានធ្វើនៅជើងទីមួយដែរ ទោះបីជាយើងមានកំហុសតិចតួចក៏ដោយ។ នោះហើយជាអ្វីដែលធ្វើឲ្យមានភាពខុសគ្នា ដោយសារតែអ្នកត្រូវប៉ះជាមួយ Barcelona»។
«ជាមួយក្រុមផ្សេងទៀត ប្រហែលជាអ្នកយករួចខ្លួនដោយមិនឲ្យគេស៊ុតបញ្ចូលទីបាន។ យើងលេងបានយ៉ាងល្អ។ យើងមានផែនការក្នុងការការពារបានយ៉ាងរឹងមាំ ប្រហែលជាយើងគួរតែលេងឲ្យបានប្រសើរជាងនេះទៀត នៅពេលដែលយើងគ្រប់គ្រងបាល់។ វាមិនទាន់ចប់នៅឡើយទេ។ យើងនៅតែមានសង្ឃឹម។ ជ័យជម្នះនៅតែអាចទទួលបាន»។
ដោយ៖ តារា