
លោក Santiago Solari គ្រូបង្វឹកក្លឹប Real Madrid បានទទូចថាលោកមិនអាចផ្តល់ដំបូន្មានណាមួយដល់ Isco អំពីរបៀបដែលល្អបំផុតក្នុងការដោះស្រាយបញ្ហាក្នុងក្រុមជម្រើសដំបូងឡើយ ។
Isco ដែលជាខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញមិនទាន់បានចាប់ផ្តើមជាជម្រើសដំបូងការប្រកួតនៅក្នុងក្របខ័ណ្ឌ Laliga ឲ្យជាក់លាក់នៅឡើយទេចាប់តាំងពីលោក Solari មកជំនួសតំណែងរបស់លោក Julen Lopetegui នៅក្នុងកីឡដ្ឋាន Santiago Bernabeu ដែលនាំឱ្យមានពាក្យចរចាអារ៉ាមដែលបាននិយាយថាកីឡាកររូបនេះកំពុងពិចារណាក្នុងការផ្លាស់ចេញពីក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Champions League ចំនួន ៣ សម័យកាលជាប់ៗគ្នាមួយនេះ ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបើនិយាយអំពីកាលគាត់នៅជាកីឡាករគាត់ក៏បានត្រូវដើរតួនាទីស្រដៀងគ្នាដូចនឹង Isco នេះដែរក្នុងអំឡុងពេលរបស់គាត់លេងនៅ Real Madrid ខណៈដែលគាត់មានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយមិត្តរួមក្រុមជាច្រើននាក់នៅតំបន់របស់គាត់ ។ ប៉ុន្តែអតីតគ្រូបង្វឹកយុវជនរបស់ Real Madrid រូបនេះមិនមានអារម្មណ៍ថាគាត់អាចជួយឱ្យ Isco ទទួលបានតំណែងជម្រើសដំបូងវិញនោះទេ ផ្ទុយទៅវិញគាត់គាំទ្រកីឡាករឲ្យខិតខំស្វែងរកដំណោះស្រាយដោយខ្លួនឯង ។
លោកបានប្រាប់សន្និសីទកាសែតមួយនៅមុនពេលធ្វើដំណើរទៅកាន់ទឹកដីរបស់ក្លឹប Real Betis ថា៖ ” ខ្ញុំមិនមែនជាអ្នកណែនាំនរណាម្នាក់ទេ ។ កីឡាករទាំងនេះមានបទពិសោធច្រើននិងឈ្នះពានជាច្រើន ។ កីឡាករបាល់ទាត់ម្នាក់ដែលបានចូលលេងក្នុងជម្រើសដំបូង និងមានរយៈពេលជាយូរមកហើយដូច្នេះអ្នកដែលមានបទពិសោធទាំងអស់ចាំបាច់ត្រូវដឹងអ្វីដែលពួកគេត្រូវធ្វើ ។ ហើយក៏មានកីឡាករវ័យក្មេង ប៉ុន្តែក៏មានអ្នកដទៃដែលមានបទពិសោធច្រើនផងដែរ ” ។
នៅពេលសួរថាតើ Isco នឹងត្រូវផ្ទេរទៅកាន់ Juventus នៅសប្តាហ៍នេះជាការពិតដែរឬទេ? លោក Solari បានបន្ថែមថា៖ ” មានកីឡាករ ២៤ នាក់ ហើយពួកគេសុទ្ធតែមានសារៈសំខាន់ហើយពួកគេនឹងនៅបន្ត ។ យើងមានការប្រកួតចំនួន ៣ ហើយវាសំខាន់ណាស់ ។ ថ្ងៃស្អែកនៅ Betis យើងនឹងព្យាយាមកាត់បន្ថយពិន្ទុក្រុមនៅកំពូលតារាងនៃក្របខ័ណ្ឌ La Liga ” ៕
ដោយ៖តារា