
ក្លិបអធិរាជស Real Madrid ត្រូវបានគេព្រមានថាពួកគេនឹងត្រូវចំណាយលុយប្រមាណចំនួន ៣៥០ លានអឺរ៉ូ ( ៣១៣ លានផោន / ៤០០ លានដុល្លារ ) ដើម្បីដណ្តើមយកខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur ។
ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Champions League ចំនួន ៣ សម័យកាលជាប់ៗគ្នាក្លឹប Real Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ ២៥ ឆ្នាំ Harry Kane ខណះពួកគេកំពុងសម្លឹងស្វែងរកកីឡាករឆ្នើមម្នាក់ក្នុងការរកគ្រាប់បាល់ដើម្បីមកជំនួសកន្លែងកីឡាករ Cristiano Ronaldo ដែលបានចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus ជាមួយតម្លៃខ្លួន ១១៧ លានដុលារ ។
កាសែត AS បានរាយការណ៍ថា Real Madrid បានទាក់ទងទៅកាន់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កាលពីខែធ្នូដើម្បីឱ្យដឹងថាតើក្រុមយក្សរបស់អង់គ្លេសមួយនេះគិតចង់លក់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះដែរទេ ហើយបើលក់តើពួកគេនឹងលក់ក្នុងតម្លៃប៉ុន្មាន ។
ប៉ុន្តែ Tottenham Hotspur សង្ឃឹមថាតម្លៃដ៏សែនខ្ពស់មួយនេះនឹងព្រមានដល់ក្លឹប Real Madrid ឲ្យបញ្ឈប់ចិត្តចង់បានម្ចាស់ពានរង្វាន់ស្បែកជើងមាសប្រចាំក្របខ័ណ្ឌ Premier League ចំនួន ២ រដូវកាលរូបនេះ ខណៈដែលពួកគេនៅតែចង់រក្សា Harry Kane ឲ្យបន្តលេងនៅក្នុងក្រុមរបស់ពួកគេ ។ ស្របពេលដែល Harry Kane គឺជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតប្រចាំលីគកំពូលអង់គ្លេសនារដូវកាលនេះផងដែរ ដោយស៊ុតបញ្ចូលទីបានចំនួន ១៤ គ្រាប់ និងបញ្ចូលទីបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ៤ ដងក្នុងការបង្ហាញខ្លួនចំនួន ២១ ប្រកួត ៕
ដោយ៖តារា