
Sevilla មិនមានឱកាសស៊ុតបញ្ចូលទីរបស់ Manchester United លើទឹកដី Sánchez Pizjuán ក៏ពិតមែន តែអ្នកគាំទ្ររបស់ពួកគេទទួលស្គាល់ភាពល្អ និងមានក្តីសង្ឃឹមថាក្រុមរបស់ខ្លួននឹងអាចឈានដល់វគ្គ១ភាគ៤នៃការប្រកួតនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
នៅរាត្រីនោះដែរ បើងាកទៅមើលក្រុមបិសាចក្រហមវិញហាក់បីដូចជាត្រូវរងការដាក់សម្ពាធយ៉ាងដំណំ ហើយលទ្ធផលដែលពួកគេទទួលបានគឺមិនសមប្រកបទេ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺអ្នកចាំទី David de Gea អាចសង្គ្រោះបាល់ដ៏គ្រោះថ្នាក់បំផុតដល់ទៅពីរលើក ធ្វើឲ្យការប្រកួតមួយនេះមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីកើតឡើង។
លោក Mourinho បាននិយាយថា គាត់បាននាំ Pogba មកគឺដើម្បីឲ្យគាត់ស៊ាំនឹងទម្រង់លេងរបស់ក្រុមទោះបីជាគាត់បានដឹងរួចទៅហើយថាគាត់មិនទាន់ជាសះស្បើយ ១០០%។ ប៉ុន្តែការពិតជាក់ស្តែង Pogba ត្រូវបានដាក់ឲ្យចូលលេងក្រោយការប្រកួតចាប់ផ្តើមបានតែ ១៧ នាទីប៉ុណ្ណោះ ដោយសារតែកីឡាករ Ander Herrera ត្រូវរបួស និងមិនអាចបន្តការប្រកួតបាន ប៉ុន្តែវត្តមានរបស់ Pogba ហាក់មិនបានជួយអ្វីច្រើនដល់ក្រុមទេ។ ក្នុងមួយប្រកួតនោះ ការស៊ុតចំគោលដៅពីក្រុម Man Utd គឺមានតែមួយគត់ ដោយបាល់ទាត់ចេញពី Alexis Sánchez បាល់ក៏ទៅដល់ជើង Romelu Lukaku រួចរូបគាត់ក៏បានទាត់ពីលើអាកាស តែត្រូវរារាំងដោយបាតដៃរបស់អ្នកចាំទី Sergio Rico ។
រាត្រីនោះគឺជាពេលវេលាដែល Man Utd រងសម្ពាធខ្លាំ ហើយកីឡាករក្រុមបិសាចក្រហមហាក់មានអារម្មណ៍មិននឹងហ្នរ ជាក់ស្តែងកីឡាករ Victor Lindelof បានបង្កបញ្ហាដល់អ្នកចាំទីរបស់ខ្លួន នៅពេលដែលរូបគាត់ព្យាយាមលេងជាមួយអ្នកចាំទី។ គិតត្រឹមតង់ទីមួយ ការស៊ុតរបស់ Sevilla មានចំនួនដល់ទៅ១២លើក។ ហើយការស៊ុតដែលល្អបំផុតក្នុងចំណោមនោះគឺជារការតែតយ៉ាងស្អាតបំផុតពីសំណាក់ Steven N’Zonzi ប៉ុន្តែត្រូវបានអ្នកចាំទីសញ្ជាតិអេស្ប៉ាញដោលចេញក៏បានល្អដែរ។
ក្រោយមកទៀត Sevilla មានឱកាសស៊ុតបាល់ដ៏ល្អមួយទី ដោយ Luis Muriel ដែលល្អជាងគ្រាប់បាល់មុនទៅទៀត ប៉ុន្តែ de Gea នៅតែអាចជួយបាន ហើយធ្វើឲ្យអ្នកគាំទ្រ Sevilla ទាំងអស់សើ្ទមិនអាចជឿថាមួយគ្រាប់នេះមិនអាចកើតឡើង។ ការចាប់បាល់ដ៏ល្អនេះបានធ្វើឲ្យ Muriel ទ្រាំមិនសរសើរមិនបាន រហូតធ្វើឲ្យគាត់ដើរទៅកាន់ de Gea ដើម្បីអបអរសាទរ ដែលអាចចាប់បាល់គាត់បាន។ ដល់តង់ទីពីរ មានតែក្រុម Sevilla ប៉ុណ្ណោះដែលឱកាសស៊ុតចំគោលដៅ ទោះមិនច្រើនក៏ដោយ តែឱកាសទាំងនោះគឺល្អៗណាស់ ។
ដោយ៖ តារា