មួយក្បាលរបស់ Ronaldo ធ្វើឱ្យ Juventus ឈ្នះពាន Supercoppa លើកទី ៨ និងជាលើកដំបូងរបស់ខ្លួន

14918
  • កាលពីព្រឹកយប់មិញកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្លឹបថ្មីរបស់ខ្លួនលើកពានរង្វាន់ Supercoppa Italiana បន្ទាប់ពីផ្ដួលក្រុមខ្លាំងក្លឹប AC Milan ក្នុងលទ្ធផល ១ ទល់នឹង ០ ខណះកីឡាករវ័យ ៣៣ ឆ្នាំរូបនេះឈ្នះពានជាលើកដំបូងចាប់តាំងពីផ្ទេរមកពីក្លឹប Real Madrid ។

    Image result for supercoppa italiana 2019

    ការប្រកួតដណ្ដើមពានរង្វាន់ Supercoppa Italiana បានធ្វើឡើងនៅក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតនៅចំពោះមុខអ្នកគាំទ្រជាង ៦០,០០០ នាក់ ។ មួយក្បាលដ៏ល្អរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល Cristiano Ronaldo នៅនាទី ៦១ ពីការបញ្ចូនដ៏ល្អឥខ្ចោះរបស់ខ្សែបម្រើសញ្ជាតិបូស្នៀ កីឡាករ Miralem Pjanic បានទម្លុះដៃអ្នកចាំទីដៃស្អិតវ័យក្មេង Gianluigi Donnarumma ធ្វើឲ្យក្លឹបសេះបង្កង់ Juventus ក្លាយជាក្លឹបលើកពានរង្វាន់មួយនេះច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រក្លឹបនៅអ៊ីតាលីរហូតចំនួន ៨ ដង ខណះ AC Milan មិនអាចក្លាយជាក្លឹបទីមួយដែលអាចកាន់ពានរង្វាន់នេះច្រើនជាងគេបាននោះទេដោយឈ្នះបានត្រឹមតែ ៧ លើកប៉ុណ្ណោះ ។

    បន្ទាប់ពីផ្ទេរមកពីក្លឹបយក្សរបស់អេស្ប៉ាញអធិរាជស Real Madrid ក្នុងតម្លៃខ្លួនចំនួនជាង ១១៧ លានដុលារទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ចំនួន ៣៤ សម័យកាលក្លឹប Juventus កាលពីខែកក្កដារួចមកកីឡាករដែលមានរហ័សនាមថា CR7 វ័យ ៣៣ ឆ្នាំរូបនេះស្គាល់ជាតិលើកពានរង្វាន់ជាលើកដំបូងរបស់ខ្លួនជាមួយក្លឹបថ្មីហើយ ។

    សូមបញ្ជាក់ឲ្យដឹងផងដែរថា ពានរង្វាន់ Supercoppa Italiana គឺជាពានរង្វាន់មួយរបស់ប្រទេសអ៊ីតាលីដែលពានរង្វាន់មួយនេះត្រូវធ្វើឡើងក្នុងជំនួបរវាងក្លឹបដែលឈ្នះពានរង្វាន់ក្របខ័ណ្ឌលីគកំពូលរបស់អ៊ីតាលី ( Serie A ) ជាមួយនឹងក្លឹបដែលបានឈ្នះពានរង្វាន់ Coppa Italia កាលពីរដូវកាលមុន ហើយប្រសិនបើក្រុមណាមួយអាចលើកពានរង្វាន់ទាំងពីរនេះនៅក្នុងរដូវកាលតែមួយ នោះវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Supercoppa Italiana ត្រូវឲ្យក្រុមលេង ២ នៅក្នុងពាន Coppa Italia មកជំនួស ខណះ Juventus ជាម្ចាស់ពានទាំង Serie A និង Coppa Italia ទើបធ្វើឲ្យក្រុមជើងឯករង Coppa Italia ក្លឹប AC Milan ឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី