
គ្រូបង្វឹកចាស់វស្សារបស់ Arsenal លោក Arsene Wenger កំពុងរហន់ចង់ឲ្យខ្សែបម្រើ Jack Wilshere ចុះកុងត្រាថ្មីឲ្យបានឆាប់ បន្ទាប់ពីការចរចាបានអូសបន្លាយពេលជាយូរមក។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានញាំញីដោយសាររបួសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគាត់ហាក់ដូចជាលេងបានល្អដូចដើមឡើងវិញហើយនៅរដូវកាលនេះ។
Wilshere បានវិលត្រឡប់មកជួយក្រុមកាំភ្លើងធំវិញនៅពាក់កណ្តាលយុទ្ធនាការនៃការប្រកួតបច្ចុប្បន្ននេះ ហើយបានបង្ហាញខ្លួនក្នុងនាមជាកីឡាករជម្រើស ១១ នាក់ដំបូងជាទៀងទាត់ចាប់តាំងពីពាក់កណ្តាលខែធ្នូមកម្ល៉េះ ដោយចូលរួមក្នុងការប្រកួតចំនួន ៩ លើកក្នុងចំណោមការប្រកួតទាំង ១១ លើកនៅក្របខណ្ឌ Premier League ។
ប៉ុន្តែ កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងត្រូវចប់នៅចុងរដូវកាលនេះ ខណៈពេលដែល Wenger កំពុងតែសង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងបន្តកុងត្រាថ្មីជាមួយ Wilshere ក្នុងពេលឆាប់ៗនេះ។ យោងតាម Goal លោកWenger បាននិយាយថា៖ «ការសម្រេចចិត្តនេះ មិនអាស្រ័យលើខ្ញុំតែឯងទេ»។
«សម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យគាត់ចុះកុងត្រាថ្មីក្នុងពេលឆាប់ៗនេះណាស់»។
«យើងនឹងនៅតែធ្វើការសម្រេចចិត្តដដែល ហើយនឹងស្វែងរកកីឡាករថ្មីពីក្លឹបផ្សេង។ ប៉ុន្តែ ខ្ញុំរីករាយនឹងផ្តល់ឱកាសនេះដល់គាត់»។
ដោយ៖ តារា