
បើតាមសារព័ត៌មានអាល្លឺម៉ង់ Blid ហើយយកចុះផ្សាយដោយ Metro ក្នុងថ្ងៃនេះ បានឲ្យដឹងថា ក្លឹប Borussia Dortmund បានព្រមព្រៀងជាមួយក្លឹប Chelsea ក្នុងការខ្ចីជើងខ្សែប្រយុទ្ធ Michy Batshuayi។ ការអះអាងនេះធ្វើឡើងបន្ទាប់ពី ក្លឹបយក្សអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងហើយក្នុងការលក់ Pierre-Emerick Aubameyang ឲ្យ Arsenal ក្នុងតម្លៃ ៥៥.៤ លានផោន។

យោងតាមប្រភពដដែល ខ្សែប្រយុទ្ធបែលហ្សិក Batshuayi នឹងទៅលេងឲ្យ Dortmund ក្នុងនាមជាកីឡាករខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។

របាយការណ៍ដែលថា Batshuayi ទៅ Dortmund លេចឡើងហាក់ស្របនឹងសំដីរបស់អ្នកចាត់ការក្លឹប Chelsea លោក Antonio Conte ដែលកាលពីថ្ងៃម្សិលមិញ បានសារភាពប្រាប់អ្នកសារព័ត៌មានថា លោកមិនមានភាពប្រាកដក្នុងចិត្តទេ ទាក់ទងនឹងអនាគតរបស់ Batshuayi។
លោកបាននិយាយថា៖ “បើសិនជាក្លឹបសម្រេចថា ទិញកីឡាករថ្មី អ៊ីចឹងខ្ញុំមិនដឹងទេថា Batshuayi នឹងបន្តនៅលេងឲ្យក្លឹប ឬចាកចេញនោះទេ។ នៅឬចេញ ជាការសម្រេចចិត្តរបស់ Batshuayi ផ្ទាល់”។
សូមបញ្ជាក់ផងដែរថា Batshuayi បានមកចូលរួមជាមួយ Chelsea កាលពីខែក្ដៅឆ្នាំ ២០១៦ ក្នុងតម្លៃផ្ទេរ ៣៣លានផោន។ ខ្សែប្រយុទ្ធរូបនេះ មិនសូវបានចាប់ផ្ដើមការប្រកួតឡើយតាំងពីក្លាយជាកីឡាករក្លឹបតោខៀវមក ដោយភាគច្រើនចំណាយពេលស្ថិតនៅលើកៅអីបម្រុង។
ទោះជាយ៉ាងណា ពេលបានចូលលេង ខ្សែប្រយុទ្ធ Batshuayi បានធ្វើបានសម្រេចនូវគ្រាប់បាល់សំខាន់ៗជាច្រើន។ តួយ៉ាង កីឡាករបែលហ្សិកស៊ុតចូលដល់ទៅ ២ គ្រាប់ក្នុងការប្រកួតជាមួយ Newcastle United ក្នុងកម្មវិធី FA Cup ម្សិលមិញ៕
ប្រភព៖ Metro ប្រែសម្រួល៖ ហ៊ីម រស្មី