
ក្លឹប Terengganu របស់ ធារី ចន្ថាប៊ីន មិនទាន់ស្គាល់ចាញ់ឡើយក្នុងការចាប់ផ្តើមរដូវកាលថ្មី ២០១៨ នេះសម្រាប់ការប្រកួតលីគកំពូលម៉ាឡេស៊ី គិតត្រឹមជ័យជម្នះ ២-១ ក្នុងការប្រកួតនៅថ្ងៃសុក្រម្សិលម៉ិញនេះ ទល់នឹងក្រុម Negeri Sembilan របស់ ប្រាក់ មុន្នី ឧត្តម ។
នៅត្រឹមនាទីទី ១២ ក្នុងតង់ទី ១ Ashaari Shamsudin ក៏បានស៊ុតបញ្ចូលទីបានមួយគ្រាប់ នាំមុខ ។
Terengganu បន្តនាំមុខគូប្រកួត ១-០ រហូតដល់តង់ទីពីរនាទីទី ៧៣ ទើបកីឡករ Fakhrul Aiman Sidid របស់ក្លឹប Negeri Sembilan រកបានមួយគ្រាប់តាមស្មើ បន្ទាប់ពីការទាត់បញ្ជូនបាល់មកដោយកីឡាករ Kim Do-heon ។
ខណៈដែលការប្រកួតទំនងជាចប់ទៅក្នុងលទ្ធផលស្មើហើយនោះ ក៏ស្រាប់តែក្រុមភ្ញៀវឆក់បានមួយគ្រាប់ទៀតដែលធ្វើបានដោយកីឡាករ Lee Jun-hyeob នៅនាទីទី ៨៤ ។
ក្នុងលទ្ធផលឈ្នះ ២ ប្រកួត និង ស្មើ ២ ប្រកួតក្នុងការប្រកួត ៤ លើកកន្លងមកនេះក្លឹប Terengganu បានក្លាយជាក្រុមដែលមិនទាន់ស្គាល់ចាញ់ និងបានឈរនៅកំពូលតារាងលីគកំពូលម៉ាឡេស៊ី ។
ដោយ៖ តារា