
ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លឹប Atletico Madrid ដើម្បីអនុញ្ញាតឱ្យ Alvaro Morata ខ្ចីជើងត្រឡប់ទៅលេងនៅក្នុងក្របខ័ណ្ឌ La Liga វិញ ហើយក៏ស្ថិតក្នុងជម្រើសទិញខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះផ្ដាច់ផងដែរ ដែលត្រូវបានគេដឹងថាមានតម្លៃ ៤៨,៥ លានផោន ( ៦២ លានដុល្លារ ) ដើម្បីចុះហត្ថលេខាលើកីឡាកររូបនេះជាអចិន្រ្តៃយ៍ ។
Alvaro Morata បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយ Atletico Madrid រួចរាល់ហើយកាលពីសប្តាហ៍មុន ហើយទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់គាត់ក៏ត្រូវបានគេបង្ហើបឲ្យដឹងថាអតីតខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះមានឆន្ទៈក្នុងការទទួលយកកិច្ចសន្យាដែលមានប្រាក់ឈ្នួលទាបជាងតម្លៃ ១២០,០០០ ផោនក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្នរបស់គាត់ដែលទទួលបាននៅ Chelsea នៅលើជម្រើសក្នុងការទិញផ្ដាច់នេះ ។
ការផ្ទេរខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះក៏ជាជំហានដ៏សំខាន់មួយក្នុងការដេញថ្លៃរបស់ក្រុមតោខៀវ Chelsea ដើម្បីគ្រប់គ្រងលើកិច្ចព្រមព្រៀងខ្ចីជើងរបស់ក្លិប AC Milan សម្រាប់កីឡាករ Gonzalo Higuain ខណៈ Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Juventus ដែលជាក្លឹបរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះផងដែរ ។
ដូចទៅនឹង Morata ដែរ Higuain ត្រូវបានចាកចេញពីការប្រកួតចុងក្រោយរបស់ក្រុមដែល AC Milan ប៉ះជាមួយ Genoa នៅថ្ងៃចន្ទ បន្ទាប់ពី Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល ៦ ខែជាមួយនឹងជម្រើសដើម្បីពង្រីកកិច្ចសន្យាខ្ចីជើងឬចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះជាអចិន្រ្តៃយ៍ក្នុងតម្លៃខ្លួន ៣២,៥ លានផោន ( ៤២ លានដុល្លារ ) ៕
ដោយ៖តារា