
Barcelona កំពុងធ្វើការពិភាក្សាលើផលចំណេញនៃចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ តាមរយៈការលក់សិទ្ធិដាក់ឈ្មោះកីឡដ្ឋាន Nou Camp ។
ក្រុមកំពូលតារាងរបស់ La Liga មួយនេះគ្រោងនឹងធ្វើការជួសជុលកែលម្អកីឡដ្ឋានរបស់ពួកគេ ហើយរំពឹងថានឹងអាចចំណេញបានរហូតដល់ ២៥០ លានផោន តាមរយៈការប្តូរឈ្មោះកីឡដ្ឋានដ៏ល្បីមួយនេះ។ ក្លឹបបាននិយាយថា ពួកគេបានចាប់ផ្តើមធ្វើការចរចាជាមួយស្ថាប័នមួយចំនួនហើយ។
ថ្លែងនៅទីក្រុងឡុងដ៍ដែលជាកន្លែងគាត់កំពុងតែទស្សនាការប្រកួតរវាង Barcelona ជាមួយ Chelsea នៅក្របខណ្ឌ Champions League ក្នុងវគ្គ ១៦ ក្រុមនៅ Stamford Bridge នៅសប្តាហ៍នេះ ប្រធានក្លឹបលោក Josep Maria Bartomeu បានបង្ហើបប្រាប់អំពីការចរចានេះ។
គាត់បានប្រាប់សារព័ត៌មាន Bloomberg ថា៖ «Beko គឺជាក្រុមហ៊ុនឧបត្ថម្ភចុងក្រោយដែលយើងបានបន្តកុងត្រាជាមួយ ហើយជំហានបន្ទាប់គឺការលក់សិទ្ធិដាក់ឈ្មោះកីឡដ្ឋាន»។
«Espai Barça គឺជាកីឡដ្ឋានកែលម្អដ៏ថ្មីស្រឡាងមួយ ប៉ុន្តែវាមិនត្រឹមតែជាកីឡដ្ឋានប៉ុណ្ណោះទេ វាក៏ជាផ្នែកមួយនៃទីក្រុងបាសេឡូណាផងដែរ ពីព្រោះយើងនឹងមានទីលានប្រកួតថ្មី»។
«មានក្រុមហ៊ុនពីរក្នុងចំណោមក្រុមហ៊ុនបីដែលយើងកំពុងតែធ្វើការពិភាក្សាជាមួយ។ ដៃគូរបស់យើងប្រហែលជានឹងឧបត្ថម្ភលើការវិនិយោគពាក់កណ្តាលដល់យើង»។
«គោលដៅមួយរបស់ក្លឹបគឺចង់រកប្រាក់ចំណូលជារៀងរាល់ឆ្នាំ ព្រោះយើងត្រូវវិនិយោគប្រាក់ទាំងនោះលើកីឡាករ និងអចលនទ្រព្យ»។
ដោយ៖ តារា