អ្នកចាំទីដៃស្អិតកម្ពុជា អ៊ុំ សេរីរ័ត្ន អាចនឹងបន្តអវត្តមាននៅលើទីលានចំនួន ២ ទៅ ៣ ខែទៀត

17286

អស់ពេលជាង ៣ ខែហើយគិតចាប់ពីថ្ងៃដែលអ្នកចាំទីឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្លិបក្រសួងការពារជាតិ អ៊ុំ សេរីរ័ត្ន ទទួលការវះកាត់របួសសរសៃពួរជង្គង់នៅមន្ទីរពេទ្យជំនាញមួយនៅទីក្រុងហូជីមិញប្រទេសវៀតណាម ។ បើតាមសាមីខ្លួនបានឲ្យដឹងថា មុខរបួសនេះនៅបង្កការឈឺចាប់តិចៗនៅឡើយ ហើយពុំទាន់អាចហ្វឹកហាត់ធ្ងន់បាននិងត្រូវសម្រាកដល់ទៅជាង ៣ ខែទៀតឯណោះ ។

អ្នកចាំទីដៃស្អិតរបស់ក្រុមគោព្រៃកម្ពុជារូបនេះបានឲ្យដឹងថា៖ ” មកទល់ពេលនេះខ្ញុំអត់ទាន់អាចហាត់ខ្លាំងបានទេបងទាំងលើទីលាននិងការហាត់សាច់ដុំ ព្រោះរបួសខាងក្នុងនៅឈឺនៅឡើយ ។ រាល់ថ្ងៃពេទ្យណែនាំឱ្យដើរនិងធាក់កង់ឱ្យបានច្រើនក៏ដូចជាធ្វើលំហាត់មួយចំនួនតាមពួកគាត់បានប្រាប់ ដើម្បីឱ្យឆាប់ជាសះស្បើយតែក៏មិនប្រាកដពេលច្បាស់លាស់ដែរយ៉ាងហោចក៏ ២ ទៅ ៣ ខែដែរ ទើបអាចចាប់ផ្ដើមហាត់ប្រាណយកសាច់ដុំឡើងវិញមុនចូលទីលានដូចធម្មតាវិញ ” ។

គួររំឭកថាប្អូនប្រុសបង្កើតអ្នកចាំទីអ៊ុវិចិត្ររូបនេះរងរបួសដាច់សរសៃពួរជង្គង់កាលចុងរដូវកាលកន្លងទៅអំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមនាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ។ ក្រោយវះកាត់ដោយជោគជ័យនាពាក់កណ្ដាលខែ តុលា ឆ្នាំ ២០១៨ កន្លងទៅ ហើយរូបគេអាចនឹងត្រូវបន្តសម្រាករហូតដល់ខែ មិនា ខាងមុខនេះ ៕

ដោយ៖តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី