
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិប Juventus កីឡាករ Cristiano Ronaldo បានយល់ព្រមបង់ប្រាក់ពិន័យយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីរួចពីការជាប់ពន្ធនាគារក្នុងរឿងគេចពន្ធនៅប្រទេសអេស្ប៉ាញ ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះសម្រេចបង់ទឹកប្រាក់ចំនួនជាង ២១ លានដុល្លារ ក្រោយពីរកឃើញថាមានទោសកំឡុងពេលដែលខ្លួនប្រកបអាជីពនៅប្រទេសអេស្ប៉ាញ ។ តាមពិតទៅអតីតខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid រូបនេះ បានត្រូវជាប់ពន្ធនាគារចំនួនជិត ២ ឆ្នាំ តែដោយសារតែទោសរបស់គេជាលើកទី១ ហើយជាទោសអហិង្សានោះរូបគេនឹងមិនចំណាយពេលមួយថ្ងៃឡើយនៅក្នុងគក់ ។
ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះនិងមិត្តស្រីរបស់គេបានដើរចូលតុលាការប្រកបដោយស្នាមញញឹម ហើយថែមទាំងបានចុះហត្ថលេខាជាអនុស្សាវរីយ៍ដល់អ្នកគាំទ្ររបស់ខ្លួន ក្រោយពីខាងតុលាការបដិសេធសំណើក្នុងការបរឡានចូលអគារកាត់ក្ដី ។
ទន្ទឹមនឹងនេះអតីតកីឡាកររបស់ក្លឹប Real Madrid និងជាអតីតមិត្តរួមក្រុមរបស់កីឡាករ Ronaldo លោក Xabi Alonso ក៏បានបង្ហាញមុខក្នុងការកាត់ទោសរឿងគេចពន្ធនេះជាមួយគ្នាផងដែរ ហើយវិរះបុរសរបស់ក្លឹបហងក្រហម Liverpool រូបនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ចំនួន ៥ ឆ្នាំបើរកឃើញថារូបគេពិតជាមានកំហុសមែន ៕
ដោយ៖តារា