អតីតកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal ចាកចេញពីព្រះខ័នរាជស្វាយរៀងក្រោមហេតុផលគ្រួសារ

39747
  • លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងបង្ហើបឱ្យដឹងថាការចាកចេញរបស់ Harley Willard កើតឡើងដោយសារតែរូបគេចង់នៅក្បែរក្រុមគ្រួសារបន្ទាប់ពីអ្នកផ្ទះម្នាក់ធ្លាក់ខ្លួនឈឺ ។

    គ្រូបង្វឹកជនជាតិអៀរឡង់ប្រាប់ថាខ្សែបម្រើប្រយុទ្ធអង់គ្លេសខាងលើបានសូមច្បាប់ទៅលេងប្រទេសកំណើតរយៈពេល ២ សប្ដាហ៍ដើម្បីទៅសួរសុខទុក្ខគ្រួសារ ហើយក៏បានពន្យាថ្ងៃកំណត់ត្រលប់មកវិញ ។ លោកថាក្លិបមិនជំទាស់ចំពោះការស្នើនេះឡើយ ។

    លោក Conor Nestor ពន្យល់បែបនេះ៖ ” តាមពិតទៅ Harley ដំបូងឡើយសូមច្បាប់យើងតែ ២ សប្ដាហ៍ទេទៅលេងស្រុកព្រោះសមាជិកគ្រួសារម្នាក់ឈឺ ។ ក្រោយនៅបាន ២ សប្ដាហ៍គេក៏បន្តទៀតព្រោះចង់នៅក្បែរគ្រួសារ ។ យើងគោរពចំពោះការសម្រេចចិត្តនេះ ហើយយើងក៏បានឈានទៅព្រមព្រៀងជាមួយកីឡាករម្នាក់ទៀតដើម្បីជំនួសគេដែរ ។ យើងនឹងប្រកាសនាពេលឆាប់ៗ  ” ។

    Harley Willard បានចូលរួមថ្នាលយុវជនរបស់ក្លឹបកាំភ្លើងធំ Arsenal នៅខែសីហាឆ្នាំ ២០១៣ មុនផ្លាស់ទៅថ្នាលយុវជនក្លិប Southampton ក្នុងខែកក្កដាឆ្នាំ ២០១៤ ដោយរួមរស់នៅទីនោះដល់ខែកក្កដាឆ្នាំ ២០១៧ ឆ្លងកាត់ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំដល់អាយុក្រោម ២៣ ឆ្នាំ ។ ចុងក្រោយបង្អស់ គេលេងនៅក្លិប Hassleholm នៅប្រទេសស៊ុយអែតដើមឆ្នាំ ២០១៨ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី