Buffon ថាកីឡាករអាហ្សង់ទីនមួយរូបនេះ ស្ថិតនៅកម្រិត Maradona តែមិនមែន Messi

129285
  • វីរបុរសក្រុមសេះបង្កង់ Juventus និងអ៊ីតាលី Gianluigi Buffon បាននិយាយថា Angel Di Maria មានកម្រិតលេងបាល់ស្មើរទៅនឹងកំពូលវីរបុរសបាល់ទាត់អាហ្សង់ទីន និងពិភពលោក Diego Maradona។
    អ្នកចាំទីវ័យ ៤៤ ឆ្នាំដែលនៅតែប្រកបអាជីពបាល់ទាត់ជាមួយក្លិប Parma ក្នុងក្របខ័ណ្ឌ Serie B ជឿជាក់ថា ក្លិបនៃលីគកំពូលរបស់ប្រទេសអ៊ីតាលី គួរតែប្រើប្រាស់កីឡាករដែលមានគុណភាពដូចជា Di Maria ដោយខ្សែបម្រើអាហ្សង់ទីនវ័យ ៣៤ឆ្នាំខាងលើ បានចាកចេញពីក្លិប Paris Saint-Germain ដោយគ្មានតម្លៃខ្លួន។
    អ្នកចាំទីដៃចាស់ Buffon បង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះ Di Maria។ គាត់ក៏បានប្រៀបធៀបកីឡាករអាហ្សង់ទីន ទៅនឹងកីឡាករបាល់ទាត់ដ៏អស្ចារ្យរបស់ពិភពលោក លោក Diego Armando Maradona ដែលបានទទួលមរ.ណៈ.ភាពនាពេលកន្លងទៅ ដោយ Buffon មានអារម្មណ៍ថា ក្របខ័ណ្ឌ Serie A ហាក់ខ្វះគុណភាពកីឡាករបែបនេះ។
    អ្នកចាំទីដែលពោពេញទៅដោយបទពិសោធន៍ Buffon បាននិយាយថា៖ “Di Maria នឹងដូច Maradona នៅអ៊ីតាលីអញ្ជឹង។ ការប្រកួត Serie A នាពេលសព្វថ្ងៃគឺអន់បច្ចេកទេស ហើយ Angel មានគុណភាពដើម្បីបំពេញចន្លោះប្រហោងនេះបាន”។
    រឿងតែមួយគត់ដែលរារាំង Di Maria ពីការចុះហត្ថលេខាជាមួយ Juventus គឺការទាមទារប្រាក់ឈ្នួលដ៏ខ្ពស់របស់គាត់ ខណៈ Barcelona ក៏ចាប់អារម្មណ៍លើអតីតតារាឆ្នើម Real Madrid រូបនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Buffon ជឿជាក់ថា Juventus នឹងមិនសោកស្ដាយនោះទេចំពោះការចុះហត្ថលេខាលើកីឡាករអាហ្សង់ទីន ដែលជាមិត្តរួមក្រុមរបស់ខ្លួន កំឡុងពេលដែល Buffon ប្រកបអាជីពមួយរដូវកាលនៅ PSG៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី