
យោងតាមអ្នកជំនាញផ្ទេរលោក Fabrizio Romano បានទម្លាយឱ្យដឹងថា កីឡាករ James Rodriguez បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹប Al-Rayyan នៃលីគកំពូលកាតា នៅរដូវក្តៅនេះ។
អតីតតារារបស់ក្លិប Real Madrid និង Everton កំពុងតែសុបិននៃការវិលត្រឡប់ទៅកាន់បាល់ទាត់ទ្វីបអឺរ៉ុបវិញ ហើយក៏បានទទួលសំណើមួយចំនួនផងដែរ។ James Rodriguez បានទៅចូលរួមជាមួយក្លិបអ្នកមានកាតា Al-Rayyan កាលពីឆ្នាំ២០២១ ពីក្លិបអង់គ្លេស Everton។
នោះហើយជាមូលហេតុដែលកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ មិនទទួលយកការផ្តល់ជូនពីក្លឹបប្រេស៊ីល Botafogo ទោះបីជាទទួលបានលក្ខខណ្ឌល្អក៏ដោយ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះលេងបាន ១២ ប្រកួតកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៦ ដង។
អាជីពបាល់ទាត់របស់ James Rodriguez បានធ្លាក់ចុះយ៉ាងខ្លាំងស្ទើរមិនគួរឱ្យជឿ ក្រោយត្រូវក្លិបមួយរុញពីមួយទៅមួយ រាប់ចាប់តាំងពីក្លិបកំពូល រហូតរសាត់ទៅដល់ក្លិបតូចតាចនៅតំបន់អាស៊ី។ ស្របពេលជាមួយគ្នា ការជាប់ជម្រើសជាតិរបស់ James ក៏បានបាត់បង់ទៅទៀត ខណៈការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅកាតា ក៏កៀកនឹងមកដល់ផងដែរ៕
ដោយ៖ តារា