CEO Man City ថា ការឈ្នះពាន UCL របស់ក្លិប Real Madrid គឺដោយសារតែសំណាងប៉ុណ្ណោះ

47552
  • នាយកប្រតិបត្តិ Manchester City លោក Ferran Soriano អះអាងថា Real Madrid មានសំណាងប៉ុណ្ណោះ ក្នុងការឈ្នះពានរង្វាន់ UEFA Champions League រដូវកាលនេះ។
    លុយដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានវិនិយោគនៅ Man City ដើម្បីឆ្ពោះទៅគ្រងតំណែងជើងឯកទ្វីបអឺរ៉ុប Champions League ប៉ុន្តែពួកគេមិនអាចសម្រេចបានទាល់តែសោះ បើទោះបីជាក្រុមមេឃខៀវ បង្ហាញទម្រង់លេងល្អ ក្រោមការដឹកនាំរបស់លោក Pep Guardiola យ៉ាងណាក៏ដោយ។
    Man City បានត្រឹមទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះ ក្នុងពីររដូវកាលចុងក្រោយនេះ ហើយលោក Soriano គិតថាក្រុមលោកហាក់គ្មានសំណាងដូចជា Real Madrid នោះទេ ខណៈក្រុមអេស្ប៉ាញទទួលបានជ័យជម្នះលើកទី១៤ ជាប្រវត្តិសាស្ត្ររបស់ពួកគេ។
    CEO ក្លិប Man City ខាងលើបានប្រាប់ Dr. Football podcast ថា៖ “Champions League គឺជាពានមួយដែលយើងចង់បាន។ មនុស្សនិយាយនៅថ្ងៃនេះអំពីជោគជ័យដែល Real Madrid មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយខ្ញុំគិតថាវាជាការត្រឹមត្រូវដែលនិយាយថា ពួកគេមានសំណាងបន្តិច។ ប្រហែលជាខ្ញុំអាចនិយាយបានថា ពួកគេសមនឹងចាញ់ពេលប៉ះ PSG ទល់នឹង Chelsea ទល់នឹងយើង (Man City) ឬទល់នឹង Liverpool”។
    Real Madrid សុទ្ធសឹងតែវាយបកយកឈ្នះនៅជើងទី២ ទាំងលើក្រុម Paris Saint-Germain, Chelsea និង Man City ក្នុងការប្រកួត Champions League នារដូវកាលកន្លងទៅនេះ បើទោះបីជាក្រុមទាំង៣ ខាងលើនេះ បានយកឈ្នះនៅជើងទី១ យ៉ាងក៏ដោយ។ ហើយក្រុមរបស់លោក Carlo Ancelotti ក៏បន្តទៅផ្តួលក្រុម Liverpool ក្នុងលទ្ធផល ១-០ វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Stade de France គ្រងជើងឯក UCL៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី