អ្នកចាត់ការសូលទីឡូថាខ្លួនបានបោះបង់ប្រាក់ខែខ្ពស់នៅជប៉ុនមកធ្វើការនៅកម្ពុជាដើរតាមក្ដីស្រមៃ

12144
  • លោក Shintaro Kageyama មានក្ដីស្រមៃក្លាយជាកីឡាករបាល់ទាត់តាំងពីកុមារ ប៉ុន្តែសុបិននេះពុំអាចក្លាយជាការពិតបានទើបអ្នកចាត់ការក្លិបបាល់ទាត់សូលទីឡូរូបនេះ សម្រេចបន្តការសិក្សាផ្នែកធុរកិច្ចក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ។ បែបណាក្ដីក្រោយចេញធ្វើការបានប៉ុន្មានឆ្នាំ រូបគេសម្រេចបោះបង់ការងារបានចំណូលខ្ពស់នៅប្រទេសជប៉ុនមកកាន់តំណែងបច្ចុប្បន្ននៅកម្ពុជាដោយអះអាងថាចង់ដើរតាមក្ដីស្រមៃរបស់ខ្លួន ។

    អ្នកចាត់ការរបស់ក្លឹបបាល់ទាត់សូលទីឡូរូបនេះបានឲ្យដឹងថា៖ ” កាលពីតូចខ្ញុំចង់ក្លាយជាកីឡាករបាល់ទាត់តែពេលធំឡើងខ្ញុំពុំអាចទៅរួច ហេតុនេះខ្ញុំក៏ចូលរៀនផ្នែកធុរកិច្ចហើយទទួលបានការងារសមរម្យក្រោយបញ្ចប់ការសិក្សា ។ ក្រោយសូលទីឡូបង្កើតឡើង Shogo Tsujii បច្ចុប្បន្នជាអគ្គលេខាធិការក្លិបនិងជាអតីតមិត្តរួមថ្នាក់ខ្ញុំ បានណែនាំពីការងារនៅទីនេះ ហើយខ្ញុំក៏សម្រេចចូលរួមជាមួយសូលទីឡូ ។ ទោះទទួលបានបៀវត្សតិចជាងការងារនៅជប៉ុន តែខ្ញុំសប្បាយចិត្តធ្វើវាដើម្បីទទួលបានបទពិសោធថែមទៀត ព្រោះទៅថ្ងៃមុខខ្ញុំប៉ងក្លាយជាប្រធានក្លិបបាល់ទាត់មួយនៅ J-League ហើយនាំក្រុមប្រជែងបានជើងឯក FIFA Club World Cup ” ។

    លោក Shintaro និយាយទាំងសើចថាពេលឮពីក្ដីស្រមៃនេះប្រជាជនកម្ពុជាអាចនឹងអស់សំណើច ប៉ុន្តែទាំងអស់នេះសុទ្ធតែជាអ្វីដែលខ្ញុំតាំងចិត្តធ្វើ ហើយប្រជាជនជប៉ុនស្ទើរគ្រប់រូបមានផ្នត់គំនិតនិងក្ដីស្រមៃធំបែបនេះ ។ ពួកយើងយល់ឃើញថាការដាក់គោលដៅធំនៅក្នុងជីវិតនឹងធ្វើឱ្យយើងខំប្រឹងខ្លាំងទ្វេដង ហើយបើទោះជាពុំបានដល់គោលដៅក៏យើងអាចសម្រេចបានលទ្ធផលប្រសើរជាងការដាក់គោលដៅជីវិតតូចដែរ ។

    គួរដឹងដែរបុរសជនជាតិជប៉ុនលោក Shintaro Kageyama ចាប់ផ្ដើមអាជីពថ្មីនៅទឹកដីកម្ពុជាកាលពីខែតុលាឆ្នាំ ២០១៧ កន្លងទៅក្នុងតំណែងជាអ្នកចាត់ការក្លិបបាល់ទាត់សូលទីឡូអង្គរ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី