
Danilo កំពុងរំពឹងថាកីឡាករ Vinicius Junior នឹងចំណាយពេលវេលាជាច្រើនឆ្នាំនៅឯក្លិប Real Madrid ប៉ុន្តែមិនមានការសោកស្តាយឡើយចំពោះការចាកចេញរបស់ខ្លួនពីរដ្ឋធានីរបស់អេស្ប៉ាញដើម្បីចូលរួមជាមួយក្លឹប Manchester City ។
កីឡាករវ័យក្មេងដែលពោពេញទៅដោយទេពកោសល្យរបស់ប្រេស៊ីលខ្សែប្រយុទ្ធ Vinicius Junior ត្រូវបានក្លឹបអធិរាជស Real Madrid ធ្វើការចុះហត្ថលេខាជាយូរមកដើម្បីយកមកលេងនៅកីឡដ្ឋាន Santiago Bernabeu ។ ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំរូបនេះកំពុងបង្ហាញភាពគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្របខ័ណ្ឌ La Liga ខណៈ Vinicius Junior បានចុះហត្ថលេខាជាមួយក្លឹប Real Madrid ក្នុងតម្លៃខ្លួនចំនួន ៤៦ លានអឺរ៉ូ ដែលស្មើនឹង ៥២ លានដុល្លារ ។
Vinicius Junior ស៊ុតបញ្ចូលទីបានចំនួន ៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៦ លើកក្នុងរដូវកាលនេះ ហើយត្រូវបានគេចាត់ទុកថាជាការបង្ហាញពីភាពវិជ្ជមានមួយក្នុងការធ្វើតេស្តសាកល្បងសមត្ថភាពរបស់គេសម្រាប់រដូវកាល ២០១៨-១៩ នៅ Real Madrid ។
Danilo មិនមានការភ្ញាក់ផ្អើលទេដែលឃើញមិត្តរួមជាតិរូបនេះកំពុងរីកចម្រើននៅក្នុងក្របខ័ណ្ឌ La Liga ដោយរូបគេបានប្រាប់វិទ្យុ Radio Marca ថា៖ ” គាត់ ( Vinicius Junior ) គឺជាក្មេងដែលមានអនាគតភ្លឺស្វាង ហើយខ្ញុំបានមើលការប្រកួតរបស់គាត់ចាប់តាំងពីគាត់បានមកដល់ Real Madird ។ ខ្ញុំមើលឃើញថាគាត់កំពុងរីកចម្រើននៅក្នុងការប្រកួតនីមួយៗ ។ គាត់គឺជាកីឡាករប្រេស៊ីលធម្មតាម្នាក់ដែលអាចបណ្ដើរបាល់ឆ្លងកាត់អ្នកបានយ៉ាងងាយស្រួល ។ ខ្ញុំគិតថាគាត់នឹងនៅ Real Madrid អស់រយៈពេលជាច្រើនឆ្នាំបន្ថែមទៀតហើយ ” ។
Danilo បានបន្ថែមទៀតថា៖ “គាត់គឺជាកីឡាករដែលមានល្បឿនលឿនដែលអាចបញ្ចប់ទីដ៏ល្អ ។ គាត់ពិតជាក្មេងហើយអាចវិវត្តជាច្រើនទៀត ។ ខ្ញុំគិតថាវាជាការល្អដែល Real Madrid កំពុងគាំទ្រកីឡាករវ័យក្មេងដែលមានសក្តានុពល ” ៕
ដោយ៖តារា