
សមាគមន៍ GoFundMe បានប្រកាសរកប្រាក់ឧបត្ថមសម្រាប់ការស្វែងរកកីឡាករ Emiliano Sala និងអ្នកបើកបរលោក Dave Ibbotson ដែលបានបាត់ខ្លួនជាងមួយសប្ដាហ៍កន្លងមកនេះ ។ កីឡាបាល់ទាត់ជាច្រើននៅក្នុងពិភពលោកនិងមនុស្សដទៃទៀតបានបរិច្ចាគទឹកប្រាក់ម្នាក់ៗជាច្រើនសន្ធឹកសន្ធាប់ដើម្បីបន្តស្វែងរកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ២៨ ឆ្នាំរូបនេះដែលនៅតែកំពុងបាត់ខ្លួន ។
កីឡាករ Adrien Rabiot ខ្សែបម្រើឆ្នើមរបស់ក្លឹប Paris Saint-Germain បានបរិច្ចាគប្រាក់ចំនួន ២៥,០០០ អឺរ៉ូទៅឱ្យបុព្វហេតុនេះ ខណៈដែលកីឡាករ Papu Gomez ស្ថិតក្នុងចំណោមអ្នកដទៃទៀតបានបរិច្ចាគប្រាក់ចំនួន ២,០០០ អឺរ៉ូ ។ រហូតមកដល់ពេលនេះថវិការដែលទទួលបានជាង ៣០១,២៥៤ អឺរ៉ូ ហើយ ។
ក្នុងករណីណាក៏ដោយបរិមាណដែលត្រូវការដើម្បីបន្តប្រតិបត្តិការនៅតែមិនទាន់ដឹងនៅឡើយ ។ គ្រួសាររបស់កីឡាករ Emiliano Sala បានចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនឯកជនមួយរួចហើយដើម្បីបន្តស្វែងរក ។ ដើម្បីអនុវត្តប្រតិបត្តិនោះដំបូងគេត្រូវការការអនុញ្ញាតពីកោះ Guernsey ជាមុនសិន ។
សូមបញ្ជាក់ឲ្យដឹងផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Emiliano Sala បានជិះយន្តហោះឯកជនមួយពីទីក្រុង Nantes ក្នុងទិសដៅហោះទៅកាន់ទីក្រុង Cardiff នៃប្រទេសវេលស៍ បន្ទាប់ពីត្រូវបានក្លឹប Cardiff City បានទិញរូបគេពីក្លឹប Nantes នៃក្របខ័ណ្ឌ Ligue 1 ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រារបស់ក្លឹប ( Cardiff City ) ប៉ុន្តែយន្តហោះបានបាត់ខ្លួនពីរ៉ាដា ហើយគិតមកដល់ពេលនេះមិនទាន់មានដំណឹងពី Sala ថាតើរូបគេស្លាប់ឬក៏នៅមានជីវិត ៕
ដោយ៖តារា