
កីឡាករ Romelu Lukaku បាននិយាយថាលោក Jose Mourinho គួរតែបានការគោរព ព្រោះគ្រូបង្វឹកសញ្ជាតិព័ទុយហ្គាល់រូបនេះបានធ្វើការងារជាច្រើនសម្រាប់ក្លឹបបីសាចក្រហម Manchester United ក្នុងអំឡុងពេលដែលដឹកនាំ ។
លោក Jose Mourinho បានទទួលតំណែងជាគ្រូបង្វឹកនៅកីឡដ្ឋាន Old Trafford កាលពីរដូវក្តៅឆ្នាំ ២០១៦ ហើយលោកជួយឲ្យក្លឹប Manchester United លើកពានរង្វាន់ចំនួន ៣ នៅក្នុងយុទ្ធនាការដំបូងរបស់គាត់ ហើយអ្វីពិសេសនោះគឺលោកបានជួយឲ្យក្លឹបគ្រងជើងឯកពានរង្វាន់ក្របខ័ណ្ឌ UEFA Europa League ( ពានរង្វាន់លំដាប់ទី ២ របស់ទ្វីបអឺរ៉ុប ) និងជាជើងឯករងក្របខ័ណ្ឌ Premier League រដូវកាល ២០១៧/១៨ ថែមទៀតផង ។
វិរះបុរសរបស់ក្រុមបីសាចក្រហមលោក Ole Gunnar Solskjaer ជាអ្នកមកជំនួសតំណែងរបស់គ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះ ដោយបានដឹកនាំក្រុមឲ្យទទួលជ័យជម្នះចំនួន ៨ ដងជាប់ៗគ្នា ដែលគ្មានគ្រូបង្វឹក Manchester United រូបនេះអាចធ្វើបានឡើយ ។ ខណះ Lukaku បញ្ជាក់ថាខ្លួនមិនអាចប្រៀបធៀបរវាងគ្រូបង្វឹកទាំងពីបានឡើយ ខណះរូបគេត្រូវបានលោក Jose ធ្វើការនាំយកពីក្លឹប Everton ក្នុងតម្លៃខ្លួនដ៏ថ្លៃ ៩៩ លានដុលារ កាលពីឆ្នាំ ២០១៧ ។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកវ័យ ២៥ ឆ្នាំ Romelu Lukaku បានប្រាប់ Eleven Sports ថា៖ ” ខ្ញុំនឹងមិនប្រៀបធៀបគ្រូបង្វឹកពីររូបទេ ។ ខ្ញុំជឿជាក់ថាលោក Mourinho បានធ្វើអ្វីៗជាច្រើនសម្រាប់ក្លិបនេះ ។ គាត់បានឈ្នះពានរង្វាន់ ដូច្នេះខ្ញុំមានការគោរពជាច្រើនចំពោះគាត់ ។ គាត់គឺជាគ្រូបង្វឹកដែលបានចុះហត្ថលេខាលើខ្ញុំ ” ៕
ដោយ៖តារា