Arjen Robben អាចនឹងផ្ទេរមកលេងនៅ J-League របស់ជប៉ុននៅរដូវកាលក្រោយ

6482

ក្លឹប FC Tokyo បានបញ្ជាក់ថាពួកគេចាប់អារម្មណ៍ក្នុងការផ្ទេរយកខ្សែបម្រើស្លាប Arjen Robben របស់ក្លិប Bayern Munich នៅចុងរដូវកាលនេះ ។ Arjen Robben បានបញ្ជាក់កាលពីខែមុនថាគាត់នឹងចាកចេញពីក្លឹប Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះដោយបានចំណាយរយៈពេលអស់ ១០ ឆ្នាំនិងទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះ ។

Related image

អណាគតរបស់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះមិនទាន់ច្បាស់នៅឡើយទេដោយគាត់បាននិយាយថាគាត់អាចចូលនិវត្តន៍ប្រសិនបើ មិនមានការផ្តល់ជូនដ៏ល្អណាមួយចូលមក ។ ការផ្តល់ជូនដ៏ពិសេសនេះអាចកើតចេញពីប្រទេសជប៉ុនដែលមានកីឡាករល្បីៗជាច្រើនផ្សេងទៀតដូចជា David Villa, Fernando Torres និង Andres Iniesta ជាដើមបានផ្លាស់មកលេងទឹកដីស្ដេចបាល់ទាត់អាស៊ីមួយនេះក្នុងអំឡុងពេលថ្មីៗនេះនៅក្នុងអាជីពចុងក្រោយរបស់ពួកគេ ។ ថ្លែងទៅកាន់កាសែត Japan Times នាយកប្រតិបត្តិរបស់ក្លឹប FC Tokyo បានបញ្ជាក់ថាក្រុមរបស់ពួកគេអាចសម្លឹងរកការចុះហត្ថលេខាជាមួយ Robben នៅចុងបញ្ចប់នៃរដូវកាលនេះ ។

Related image

នាយកប្រតិបត្តិមិនបញ្ចេញឈ្មោះរូបនេះបាននិយាយថា៖ ” ខ្ញុំមិនអាចនិយាយថាគាត់នៅលើតុនោះទេ ប៉ុន្តែយើងកំពុងប្រមូលព័ត៌មាន ។ វានឹងមិនមានក្លឹបណាដែលមិនចាប់អារម្មណ៍ទេ ” ។

Related image

Robben បានផ្លាស់ទៅ Bayern Munich កាលពីខែសីហា ឆ្នាំ ២០០៩ បន្ទាប់ពីបានឃើញពេលវេលាលេងរបស់គាត់ថយចុះជាបន្តបន្ទាប់នៅក្នុងក្រុម Real Madrid ។ អតីតប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះបានទទួលជោគជ័យយ៉ាងធំធេងជាមួយក្លឹប Bayern Munich ដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Bundesliga ចំនួន ៧ ដង DFB-Pokals ចំនួន៤ លើក និងពានរង្វាន់ Champions League មួយដងកាលពីរដូវកាល ២០១២/១៣ ។ Arjen Robben បានជួបបញ្ហារបួសក្នុងរដូវកាលនេះនិងបានបង្ហាញខ្លួនត្រឹមតែ ១៤ លើកប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់រហូតមកដល់ពេលនេះ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី