
Denis Suarez ដែលជាខ្សែបម្រើរបស់ក្រុម Barcelona នឹងជួយដោះស្រាយបញ្ហាកង្វះកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal នេះបើយោងតាមលោក Unai Emery ដែលជាគ្រូបង្វឹកបាននិយាយ ហើយលោកក៏សង្ឃឹមថាកីឡាករ Ainsley Maitland-Niles អាចនឹងបង្ហាញខ្លួនក្នុងជំនួបជាមួយក្រុម Manchester City ។
Suarez ត្រូវបានគេជឿជាក់ថានឹងចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីការធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់លោក Ernesto Valverde នៅឯក្លឹប Barcelona ខណះក្រុមរបស់លោក Unai Emery បានទទួលជ័យជម្នះ ២-១ លើក្រុម Cardiff City នៅពីយប់ថ្ងៃអង្គារ៏ ។
ហើយកីឡាករឆ្នើមៗមួយចំនួនរបស់ក្រុម Arsenal ដូចជាកីឡាករវ័យក្មេង Maitland-Niles ក៏បានរងរបួសជង្គង់ ដែលកំពុងស្ថិតនៅក្នុងបញ្ជីកីឡាកររបួសជាមួយមិត្តរួមក្រុមផ្សេងទៀតដូចជា Hector Bellerin, Sokratis និង Laurent Koscielny ជាដើមដែលសុទ្ធសឹងទទួលរងរបួស ។
លោក Emery បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” យើងត្រូវការកីឡាករស្លាប ។ Suarez តាមតែខ្ញុំដឹងគឺមានគុណភាពនេះ ” ។
នៅពេលសួរថាតើកីឡាករសញ្ជាតិអេស្ប៉ាញអាយុ ២៥ ឆ្នាំរូបនេះនឹងអាចការពារខ្លួនមិនឲ្យទទួលរងរបួសនៅក្នុងក្របខ័ណ្ឌ Premier League បានដែរឬទេ? លោក Emery បានឆ្លើយតបថា៖ ” ខ្ញុំមិនដឹងទេពេលនេះ ។ វាជាបញ្ហាប្រឈមមួយសម្រាប់គាត់ ហើយវាក៏ជាបញ្ហាប្រឈមសម្រាប់គាត់ដើម្បីជួយយើងផងដែរ ” ៕
ដោយ៖តារា