វ៉ា សុខថន ៖ ខ្ញុំត្រឡប់មកវិញព្រោះចិត្តស្រឡាញញ់ទឹកដីកំណើត និងចង់ជាប់ជម្រើសជាតិម្ដងទៀត

16509

កីឡាករកូនកាត់ខ្មែរ-បារាំង វ៉ា សុខថន បានអះអាងថាក្រៅតែពីការស្រឡាញ់ប្រទេស ស្រឡាញ់ភ្នំពេញ និងចង់ចែករំលែកបទពិសោធដល់កីឡាករវ័យក្មេង ការបន្តដំណើរលើវិថីបាល់ទាត់ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនជាផ្នែកធំមួយជម្រុញរូបគេឱ្យចូលរួមជាមួយភ្នំពេញក្រោនសារជាថ្មី ។

អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះបានឲ្យដឹងថា៖ ” ដូចខ្ញុំធ្លាប់ប្រាប់បណ្ដាញសារព័ត៌មានកន្លងមកហើយខ្ញុំមកស្រុកខ្មែរវិញលើកនេះព្រោះខ្ញុំស្រឡាញ់ទឹកដីកំណើតឪពុកម្ដាយខ្ញុំ ស្រឡាញ់ភ្នំពេញក្រោនដែលខ្ញុំធ្លាប់ឈ្នះពានជាមួយនិងចង់ជួយពង្រឹងសមត្ថភាពកីឡាករក្មេងៗ ។ ប៉ុន្តែខ្ញុំមានហេតុផលសំខាន់មួយទៀតសម្រាប់ខ្លួនខ្ញុំ គឺខ្ញុំចង់ធ្វើឱ្យមហិច្ឆតាក្នុងវិស័យបាល់ទាត់របស់ខ្ញុំរស់ឡើងវិញមានន័យថាខ្ញុំចង់សាងកេរឈ្មោះជាថ្មី ពិសេសខ្ញុំចង់បង្ហាញមុខក្នុងក្រុមជម្រើសជាតិតំណាងប្រទេសរបស់ខ្ញុំម្ដងទៀត ” ។

ខ្សែបម្រើដែលរស់នៅភាគខាងកើតប្រទេសបារាំងបាននិយាយដោយសុទិដ្ឋិនិយមថាខ្លួនមានអារម្មណ៍ល្អមែនទែន ចំពោះការត្រឡប់មកលើកនេះ ហើយតាំងចិត្តខ្ពស់សម្រាប់ការប្រជែងលីគកំពូលនៅឆ្នាំ ២០១៩ ដោយពុំបារម្ភពីឧបសគ្គណាមួយឡើយដ្បិតគេយល់ថាជោគជ័យឬបរាជ័យសុទ្ធតែជាមេរៀនសំខាន់រូបគេនឹងដើរទៅមុខដោយពុំរាថយជាដាច់ខាត ។

សូមបញ្ជាក់ឲ្យដឹងផងដែរថា ខ្សែបម្រើប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយភ្នំពេញក្រោនដំបូងកាលពីឆ្នាំ ២០១៤  ហើយជួយក្រុមលើកពានលីគកំពូលកម្ពុជា មុនពេលជាប់ជម្រើសជាតិនៅដើមឆ្នាំ ២០១៥ តែត្រូវបង្ខំចិត្តត្រឡប់ទៅប្រទេសបារាំងវិញនាចុងឆ្នាំនោះក្រោមហេតុផលគ្រួសារ ៕

ដោយ៖តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី