
លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវបានប្រាប់ទៅកាន់ Eden Hazard ថាគាត់គួរតែចាកចេញពីក្លិប ប្រសិនបើគាត់មានអារម្មណ៍ថាគាត់ចង់ចាកចេញ ។
តារាសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានគេព្យាករណ៍ទុកថានឹងផ្ទេរទៅកាន់ក្លិប Real Madrid នៅរដូវកាលក្រោយ ខណះអណាគតរបស់គាត់នៅក្នុងកីឡដ្ឋាន Stamford Bridge ហាក់ដូចជាកំពុងស្រពិចស្រពិលនៅពេលដែលកីឡាកររូបនេះក៏ធ្លាប់ទម្លាយប្រាប់សារព័ត៌មានអំពីបំណងប្រាថ្នារបស់គាត់ក្នុងការចូលរួមជាមួយក្លឹប Real Madrid ផងដែរ ។
Hazard ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២០ ដែលទំនងជាត្រូវបង្ខំឱ្យក្លឹបយក្សរបស់អង់គ្លេសមួយនេះធ្វើការសម្រេចចិត្តមួយថាតើត្រូវលក់ខ្សែបម្រើរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះឬក៏យ៉ាងណា ។ លោក Sarri បាននិយាយថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះគួរតែចាកចេញពី Chelsea ប្រសិនបើគាត់ចង់ផ្ទេរទៅកន្លែងផ្សេង ប៉ុន្តែលោកនៅតែទទូចថាលោកចង់រក្សាកីឡាករូបនេះ ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា៖ ” Eden មានអាយុ ២៨ ឆ្នាំ ហើយបើគាត់ចង់ទៅ ខ្ញុំគិតថាគាត់ត្រូវតែទៅ ។ ពិតណាស់ខ្ញុំសង្ឃឹមថាផ្ទុយពីនេះ ខ្ញុំសង្ឃឹមថាគាត់ចង់ស្នាក់នៅទីនេះ ។ គាត់មានសក្តានុពលក្នុងការក្លាយជាកីឡាករល្អបំផុតនៅទ្វីបអឺរ៉ុប ” ។
សូមរំលឹកបញ្ជាក់ឲ្យដឹងផងដែរថា នៅរដូវកាល ២០១៨/១៩ នេះប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិក Eden Hazard បានស៊ុតបញ្ចូលទីចំនួន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩ ប្រកួតសម្រាប់ក្លឹប Chelsea បើគិតត្រឹមពេលនេះ ៕
ដោយ៖តារា