ជំនួបរវាង Cambodia All Stars និង Muangthong ជាចំណែកដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា

13736
  • លោក ស៊ុម វ៉ាង ម៉ាន់ពីមុនឆៃ នាយកក្រុមហ៊ុន អេស ស៊ី ជី ( SCG ) បញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ Asean Tour 2019 រវាងក្រុម K Cement All Stars កម្ពុជា ជាមួយក្រុម SCG Muangthong United របស់ប្រទេសថៃ ជាចំណែក ដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ស៊ីហ្គេម នាឆ្នាំ២០២៣ ។ នេះបើយោងតាមការប្រកាសបើកការប្រកួត របស់ក្រុមហ៊ុន អេស ស៊ី ធី ដែលជាក្រុមហ៊ុន ពហុសាជីវកម្ម ឈានមុខគេនៅតំបន់អាស៊ាន ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករាឆ្នាំ២០១៩ ។

    លោកនាយកក្រុមហ៊ុន អេស ស៊ី ជី មានប្រសាសន៍បន្តថា៖ ” ក្រុមហ៊ុន SCG តែងតែយកចិត្តទុកដាក់ ពីសារសំខាន់នៃការលេងកីឡា ដើម្បីលើកកម្ពស់គុណភាព ជីវភាពរស់នៅ សម្រាប់ប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ មក ។ យើងបាននាំក្លិបបាល់ទាត់ SCG Muangthong United ដែលជាក្លិបបាល់ទាត់ឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន ដើម្បីមកប្រកួតជាមួយនឹងក្រុម K Cement All Stars ហើយយើងពិតជាមានក្តីសោមនស្សរីករាយ ក្នុងការបន្តកម្មវិធីនេះ នៅក្នុងឆ្នាំ ២០១៩នេះ ” ។

    លោក បន្តថា ក្រៅពីប្រកួតលើកនេះ គ្រូបង្វឹកមកពីក្លិប SCG Muangthong United ក៏និងចូលរួមក្នុងកម្មវិធី Kick and Share by SCG ដែលជាកម្មវិធីហ្វឹកហាត់មួយ ដោយក្នុងនោះកុមារចំនួន ២០០ នាក់ នៅរាជធានីភ្នំពេញអាចចូលរួមនិងក្រេបយកបទពិសោធន៍ល្អៗ ពីគ្រូបង្វឹកអាជីពថែមទៀតផង ។ លោក សង្ឃឹមថា លើកនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា តាមរយៈការគាំទ្រ ដល់ការអភិវឌ្ឍន៍ វិស័យកីឡាបាល់ទាត់របស់ខ្លួន ដើម្បីត្រៀមលក្ខណៈ ស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

    លោក ម៉ៃ តុលា អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សង្ឃឹមថា អ្នកគាំទ្រនឹងចូលរួមលើកទឹកចិត្តកីឡាករកម្ពុជា នៅថ្ងៃប្រកួតឲ្យបានច្រើនកុះករ ។ ជាចុងក្រោយ អគ្គលេខាធិការរង បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន អេស ស៊ី ជី សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់វិស័យកីឡាបាល់ទាត់កម្ពុជា ហើយស្វាគមន៍នូវការប្រកួតមិត្តភាពជាថ្មីម្តងទៀត រវាងក្រុមបាល់ទាត់ទាំងពីរ ហើយលោករំពឹងថា និងមានការគាំទ្រកាន់តែខ្លាំង ថែមទៀតពីសំណាក់អ្នកគាំទ្រ ។

    គួរបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិ Asean Tour ២០១៩ នឹងចាប់ផ្តើមការប្រកួតនៅម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ ហើយនេះជាឆ្នាំទី៣ ហើយដែលក្រុមហ៊ុន SCG រៀបចំអោយមានកម្មវិធីប្រកួតនេះនៅក្នុងប្រទេកម្ពុជា ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី