កីឡាការិនី កែវ ពេជ្រលីឌីនេត អះអាងថា ទោះរវល់ក្នុងជំនួញក្តី ក៏មិនបោះបង់កីឡាវាយសីដែរ

32715
  • កីឡាការិនីវាយសីស្រស់ស្អាតមានស្រុកកំនើតនៅបាត់ដំបង កែវ ពេជ្រ លីឌីនេត តែងតែបង្ហាញវត្តមានស្ទើតែគ្រប់ការប្រកួតធំៗដែលរៀបចំ ដោយសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញជំហរថា ទោះបីជាប់រវល់ធ្វើអាជីវកម្មក្តី ក៍នាងនៅតែឆ្លៀតពេល ចូលរួមប្រកួតប្រជែង ដើម្បីបំពេញក្តីស្រម៉ៃពីកុមារភាព ចង់ក្លាយជាកីឡាការិនីអាជីព ។

    កែវ ពេជ្រលីឌីនេត អះអាងទៀតថា បច្ចុប្បន្ននាងពុំទាន់ក្លាយជាកីឡាការិនីឆ្លើម ផ្នែកកីឡាវាយសី នៅឡើយទេ ប៉ុន្តែនាងនៅតែបន្តការហ្វឹកហាត់ ឆ្ពោះទៅចាប់យកជាកីឡាការិនីអាជីព ដើម្បីត្រៀមការប្រកួតតំណាងអោយជាតិ នៅព្រឹត្តការណ៍អន្តជាតិនានា ជាពិសេស ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះបីជារវល់ជួយដល់អាជីវកម្មរបស់គ្រួសារនាងក៏ដោយ ។

    កីឡាការិនីរូបស្រស់ ដែលជាម្ចាស់មេដាយមាស កីឡាជាតិលើកទី១ តំណាងអោយខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា នាថ្ងៃអនាគត ដាច់ខាតមិនបោះបង់ចោលកីឡាវាយសីនោះទេ ទោះមិនអាចសម្រេចបំណងចង់ក្លាយជាកីឡាការិនីជម្រើសជាតិក្តី ។ ពេជ្រ លីឌីនេត បន្តថា បើមិនអាចក្លាយជាកីឡាការិនីជម្រើសជាតិ នាចង់ក្លាយជាគ្រូបង្វឹក ដើម្បីផ្តល់ចំណេះដឹង បទពិសោធន៍ ដែលនាងធ្លាប់ហ្វឹកហាត់ ចែកជូនដល់កូនៗ និងក្មេងៗនៅខេត្តបាត់ដំបង ដើម្បីបំផុសវិស័យកីឡាវាយសី នៅខេត្តមួយនេះអោយកាន់តែមានសកម្មភាពផុសផុល និងមានសក្តានុពលត្រៀមការប្រកួតតំណាងអោយខេត្ត ជាពិសេសតំណាងអោយកម្ពុជានាថ្ងៃអនាគត ។

    សូមបញ្ជាក់ថា កីឡាការិនីវាយសី កែវ ពេជ្រឌីនេត បច្ចុប្បន្នមានអាយុ២៣ឆ្នាំ មកពីខេត្តបាត់ដំបង ធ្លាប់ប្រជែងបានមេដាយមាស ពកីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦ ជូនខេត្តបាត់ដំបង និងទទួលបានចំណាត់លេខ៣ ក្នុងវគ្គជម្រុះផ្នែកកីឡាការិនីវាយសីជម្រើសជាតិ របស់សហព័ន្ធកីឡាវាយសីផងដែរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី