
Cristiano Ronaldo ទំនងជានឹងចាកចេញពី Man Utd បន្ទាប់ពីបទសម្ភាសន៍ដ៏ចម្រូងចម្រាសរបស់គាត់ជាមួយលោក Piers Morgan ហើយប្រសិនបើគាត់ចាកចេញ នោះ Ronaldo ស្ថិតក្នុងចំណោមកីឡាករដែលចាកចេញពី Old Trafford ក្នុងកាលៈទេសៈដ៏អាក្រ.ក់បំផុត។
នៅក្នុងការដកស្រង់ដែលចុះផ្សាយដោយ The Sun វីរបុរសព័រទុយហ្គាល់បានអះអាងថា គាត់មានអារម្មណ៍ថាត្រូវបានក្ប.ត់ដោយមន្ត្រីមួយចំនួននៅក្នុងក្លឹប ហើយខ្សែប្រយុទ្ធរូបនេះនិយាយថាគាត់មិនមានការគោរពចំពោះគ្រូបង្វឹករបស់បិសាចក្រហមលោក Erik ten Hag ទេ ហើយបានសម្តែងការខកចិត្តរបស់គាត់ ចំពោះការខ្វះខាតនៃការកែលម្អក្រុមឱ្យមានភាពប្រសើរឡើង ចាប់តាំងពី Ronaldo បានចាកចេញពី United ក្នុងឆ្នាំ២០០៩។ Ronaldo ក៏បានរិះគន់ចំពោះការអត្ថាធិប្បាយដែលធ្វើឡើងដោយវីរបុរសរបស់បិសាចក្រហមលោក Wayne Rooney ហើយបានចោទសួរក្លឹបជុំវិញការតែងតាំងលោក Ralf Rangnick ក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្ន កាលពីរដូវកាលមុនផងដែរ។ បទសម្ភាសន៍ដ៏ចម្រូងចម្រាសនេះនឹងធ្វើឱ្យទំនាក់ទំនងរបស់ Ronaldo ជាមួយក្លិប Man Utd ឈានដល់ផ្លូវបំបែ.ក។ ប៉ុន្តែមិនមែនមានតែ Ronaldo ទេដែលមានបញ្ហាបែបនេះ ក៏មានកីឡាករ Man Utd ល្បីៗទាំង ៥រូបផ្សេងទៀតដែលបានចាកចេញពី Old Trafford ក្រោមស្ថានភាពអា.ក្រ.ក់បំផុត៖
៥-Roy Keane កាលពីឆ្នាំ២០០៥ ខ្សែបម្រើអៀរឡង់ក៏បានកើតរឿងមិនខុសគ្នាប៉ុន្មានទេជាមួយ Ronaldo ដោយនៅកាលនោះ Roy Keane បានផ្ដល់បទសម្ភាសន៍ដ៏ចម្រូងចម្រាសធ្វើឱ្យក្លិប Manchester United សម្រេចបណ្ដេញកីឡាកររូបនេះចេញតែម្ដង ខណៈទំនាក់ទំនងជាមួយគ្រូបង្វឹកលោក Sir Alex Ferguson មានភាពអាក្រ.ក់ខ្លាំងមែនទែននៅពេលនោះ។
៤-Angel Di Maria អ្នកទាំងអស់គ្នាដឹងរួចមកហើយថាការផ្លាស់ប្ដូរ Di Maria ទាំងមកនិងទាំងចេញ សុទ្ធតែបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពបាល់ទាត់។ បើទោះបីជាផ្ទេរក្នុងតម្លៃបំបែកកំណត់ត្រាក្នុងឆ្នាំ២០១៤ ក៏ដោយ ប៉ុន្តែតារាអាហ្សង់ទីនរូបនេះ ធ្វើមិនបានល្អទាល់តែសោះនៅក្នុងរដូវកាលដំបូងរបស់គាត់ ទើបបណ្ដាលឱ្យ Di Maria ចាកចេញនៅឆ្នាំបន្ទាប់ ពោលគឺត្រឹមមួយឆ្នាំប៉ុណ្ណោះ។ Di Maria ធ្លាប់និយាយថា គាត់មិនដែលចង់ចាកចេញពី Real Madrid ម្ដងណាទេ ហើយក្រោយពីចាកចេញពី Man Utd ខ្សែបម្រើរូបនេះ បានផ្ដល់បទសម្ភាសន៍ជាច្រើនអំពីការមិនសប្បាយចិត្ត អំឡុងពេលប្រកបអាជីពនៅលើទឹកដីអង់គ្លេស។
៣-Carlos Tevez បើទោះបីជាគាត់បានបង្កើតភាពជាដៃគូដ៏ល្អនៅតំបន់ប្រយុទ្ធជាមួយ Ronaldo និង Rooney យ៉ាងណាក៏ដោយ ក៏ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មិនមានទំនាក់ទំនងល្អជាមួយក្លិបនោះទេ ហើយថែមទាំងបានបដិសេធកុងត្រាថ្មី ដើម្បីទៅចូលរួមជាមួយក្លិបគូរប្រកួតប្រជែងប្រចាំទីក្រុង Man City នៅពេលនោះ។ Tevez ក៏បានផ្ដល់បទសម្ភាសន៍អំពីរឿងមិនសប្បាយចិត្តជាមួយច្រើនអំឡុងពេលនៅបីសាចក្រហមផងដែរ។
២-Gabriel Heinze គាត់គឺជាខ្សែការពារឆ្វេងជម្រើសដំបូងរបស់ Man Utd ពេញមួយរដូវកាល ២០០៤/០៥។ គាត់បានក្លាយជាទីពេញចិត្តរបស់អ្នកគាំទ្រយ៉ាងឆាប់រហ័ស ហើយត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹបទៀតផង។ ប៉ុន្តែឆ្នាំបន្ទាប់គាត់បានរងរបួស ធ្វើឱ្យគាត់បាត់បង់ឱកាសលេង បន្ទាប់មកកីឡាករអាហ្សង់ទីនបានសម្រេចចិត្តថា គាត់ចង់ចូលរួមជាមួយក្រុម Liverpool ប៉ុន្តែ United បានរារាំងការផ្ទេរនេះ ដោយករណីនេះនាំឱ្យមានការប្ដឹងផ្ដល់គ្នាឡើងតុលាការទៀតផង។ តែទីបំផុត Heinze បានចាកចេញនៅឆ្នាំ ២០០៧ ដោយផ្លាស់ទៅ Real Madrid ។
១-David Beckham តារាអង់គ្លេសបានលេងឱ្យ Man Utd តាំងពីឆ្នាំ១៩៩៥ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុម។ ប៉ុន្តែក្នុងឆ្នាំ២០០៣ មានឧប្បត្តិហេតុដ៏អាក្រក់មួយបានកើតឡើងនៅក្នុងបន្ទប់សំលៀកបំពាក់ដោយលោក Ferguson បានទាត់ស្បែកជើងចំភ្នែក Beckham។ បញ្ហានេះធ្វើឱ្យទំនាក់ទំនងរបស់គាត់ជាមួយលោក Ferguson កាន់តែយ៉ាប់យ៉ឺនក្នុងរដូវកាលនោះ ហើយក្រោយមកក្លិបបានសម្រេចចិត្តលក់តារាកំពូលរបស់ខ្លួនរូបនេះទៅឱ្យ Real Madrid ជាកន្លែងដែល Beckham កាន់តែទទួលបានភាពល្បីល្បាញក្នុងពិភពបាល់ទាត់៕
ដោយ៖ តារា