ព្រោះតែស្មោះស្ម័គ្រជាមួយ Man Utd! Ronaldo សុខចិត្តបដិសេធសំណើរ ៣៦០លាន$ តែចុងក្រោយ…

79039
  • Cristiano Ronaldo បានសារភាពថា គាត់បានបដិសេធឱកាសចាកចេញពី Manchester United ក្នុងការផ្លាស់ប្តូរមួយដែលនឹងធ្វើឱ្យគាត់រកបានរហូតដល់ទៅ ៣៥០លានអឺរ៉ូ (ជាង ៣៦០លានដុល្លារ)។
    Ronaldo បានសុំចាកចេញពី Man Utd អំឡុងរដូវក្តៅ ដើម្បីស្វែងរកការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌ Champions League ប៉ុន្តែគាត់បែរជាមិនទទួលបានចំណាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុបឡើយ។ ទោះជាយ៉ាងណាក៏ដោយ Ronaldo បានបង្ហាញនៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយលោក Piers Morgan ថាគាត់បានបដិសេធនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីក្រុមនៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈគាត់សុខចិត្តបន្តនៅ Manchester United ។
    Ronaldo បានឱ្យដឹងថា៖ “វាជាការពិត បាទត្រូវណាស់វាជាការពិត។ ប៉ុន្តែអ្វីដែលសារព័ត៌មាននិយាយគឺជាសំរាម ដែលថាគ្មានអ្នកណាចង់បានខ្ញុំទេ វាខុសទាំងស្រុង។ ហើយខ្ញុំសប្បាយចិត្តនៅទីនេះ ដោយនិយាយដោយស្មោះត្រង់ ខ្ញុំបានលើកទឹកចិត្តឱ្យធ្វើរដូវកាលដ៏អស្ចារ្យនៅទីនេះ។ ប៉ុន្តែពួកគេបន្តនិយាយដដែលៗថា គ្មាននរណាចង់បាន Cristiano ឡើយ។ ម៉េចក៏គេមិនចង់បានកីឡាករដែលរកបាន ៣២គ្រាប់កាលពីឆ្នាំមុនជាមួយជម្រើសជាតិ?”។
    ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើលើកឡើងទៀតថា៖ “ប៉ុន្តែអ្វីដែលពួកគេនិយាយក្នុងរយៈពេលបីខែចុងក្រោយនេះ គឺជាសំរាម ហើយខុសទាំងស្រុង។ ពួកគេនិយាយថា ក្លិបខ្លះផ្តល់ឱ្យខ្ញុំបែបនេះ បែបនោះ ហើយថាប្រធានក្លិប និងនាយកក្លិបជាច្រើនពួកគេបានបដិសេធខ្ញុំ។ វាជាការកុហកទាំងស្រុង ពួកគេកុហក។ ដោយសារតែនេះមិនមែនជាអ្វីដែលបានកើតឡើង។ ខ្ញុំមានក្លឹបមួយចំនួនដែលពួកគេចង់ឱ្យខ្ញុំចុះហត្ថលេខា ហើយខ្ញុំមិនបានទៅទេ ព្រោះខ្ញុំមានអារម្មណ៍សុខស្រួលនៅទីនេះ។ នេះគឺជាការពិត”។
    គួររម្លឹកជូនថា នៅក្នុងបទសម្ភាសន៍ដ៏ចម្រូងចម្រាសមួយជាមួយ ‘TalkTV’ Ronaldo បាននិយាយថា គាត់មិនគោរពចំពោះអ្នកចាត់ការទូទៅរបស់ Man United លោក Erik ten Hag ទេ ហើយបានអះអាងទៀតថា គាត់ត្រូវបានគេបង្ខំឱ្យចាកចេញពីទឹកដី Old Trafford ថែមទៀតផង។ ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ មិនមែនជាកីឡាករសំខាន់នៅលើទីលានសម្រាប់ United ចាប់តាំងពីលោក Ten Hag ចូលកាន់តំណែងជាគ្រូបង្វឹកកាលពីខែឧសភាកន្លងទៅនេះ៕ ដោយ៖ តារា

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី