ប្រធាន FIFA ចង់ឃើញកូរ៉េខាងជើងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup នាពេលអនាគត

42298
  • ប្រធាន FIFA លោក Gianni Infantino បើកចិត្តឱ្យកូរ៉េខាងជើងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខ ខណៈដែលគាត់ជឿថាវាអាចនាំមកនូវសន្តិភាពមួយជូនពិភពលោក។
    មេធំរបស់ FIFA បាននិយាយទៅកាន់ភាពចម្រូងចម្រាសជុំវិញប្រទេសកាតា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយបានអះអាងថា បាល់ទាត់អាចត្រូវបានប្រើប្រាស់ដើម្បីបង្រួបបង្រួមពិភពលោក។ លោកថា លោកជឿជាក់ថាប្រទេសណាក៏គួរមានឱកាសធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់អន្តរជាតិដ៏ធំមួយនេះដែរ។
    លោក Infantino បាននិយាយថា៖ “FIFA គឺជាអង្គការបាល់ទាត់ពិភពលោក។ យើងជាបាល់ទាត់ មិនមែនជាអ្នកនយោបាយទេ ហើយយើងចង់នាំមនុស្សមកជុំគ្នា”។
    ប្រធាន FIFA ខាងលើបានបង្ហើបថា លោកបានទៅលេងប្រទេសកូរ៉េខាងជើងកាលពីប៉ុន្មានឆ្នាំមុន ដើម្បីមើលថា តើពួកគេចង់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតបាល់ទាត់ពិភពលោកស្ត្រីឬអត់? គាត់បានលើកឡើងថា៖ “ប្រទេសណាមួយក៏អាចរៀបចំព្រឹត្តិការណ៍អ្វីបានដែរ។ បើកូរ៉េខាងជើងចង់ធ្វើជាម្ចាស់ផ្ទះក៏អូខេ។ ខ្ញុំពិតជាបានទៅប្រទេសកូរ៉េខាងជើងកាលពីប៉ុន្មានឆ្នាំមុន ដើម្បីសួរប្រជាជនកូរ៉េខាងជើងថា តើពួកគេត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ជាផ្នែកមួយនៃការប្រកួតបាល់ទាត់ពិភពលោកនារី ជាមួយកូរ៉េខាងត្បូងដែរឬទេ?”។
    លោក Infantino បន្តទៀតថា៖ “មែនហើយ ខ្ញុំមិនជោគជ័យទេ ប៉ុន្តែខ្ញុំនឹងទៅ ១០០ ដងទៀតប្រសិនបើអាចជួយបាន។ មានតែការចូលរួមទេដែលអាចនាំមកនូវការផ្លាស់ប្តូរពិតប្រាកដ។ យើងជាអង្គការពិភពលោកមួយ ហើយចង់នៅតែជាអង្គការដែលបង្រួបបង្រួមពិភពលោក”៕ ដោយ៖ តារា

    ប្រភព :
    Sportbible
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី