តោះទៅយល់ដឹងអំពីជំនឿសែន ជ្រូកខ្វៃ ក្នុងរដូវបុណ្យចូលឆ្នាំចិន

18510

ប្រជាជនខ្មែរកាត់សែស្រឡាយចិន តែងរៀបចំគ្រឿងរណ្តាប់សែនព្រែនជូនម្ចាស់ទឹកម្ចាស់ដី ជីដូនជីតាកុងម៉ា ក្នុងនោះមានការរៀបចំសែននៅបាយសម្ល មីឆា ឆាបន្លែ មាន់ ទា នំពងទា ផ្លែឈើ ក្រដាសមាសប្រាក់ដុតសែន និងម្ហូបច្រើនមុខទៀតទៅតាមគ្រួសារនិមួយៗ ហើយអ្វីដែលគេមិនសូវរំលងបាននោះគឺ ជ្រូកខ្វៃ ។

បើតាមកុង ហុង អ្នកមើលការខុសត្រូវវិហារចិន ថៃសាន្ត ប៉ជឺ បានប្រាប់ឲ្យដឹងថា ត្រូវសែនជ្រូកខ្វៃបែរមុខចូលក្នុងផ្ទះ។ មានន័យថា ការរកលុយពីក្រៅចូលក្នុងផ្ទះ ដូច្នេះការដាក់សែនជ្រូកខ្វៃ បែរមុខចូលក្នុងផ្ទះ ប្រៀបដូចជ្រូក បោលយកលុយ យកលាភចូលផ្ទះ ហើយរបស់សែនត្រូវដាក់ឲ្យចំទិស និងចំកន្លែង ទើបរកស៊ីមានបាន។តាមជំនឿចិន ជ្រូកខ្វៃ តំណាងឱ្យការរកស៊ីធូរធារ ហូបឆ្ងាញ់ដេកស្រួល។ ជ្រូកជាមិត្តសំឡាញ់របស់ប្រជាជនចិន ប៉ុន្តែអ្នកកើតឆ្នាំជ្រូកមួយចំនួន គេមិនសែនជ្រូកខ្វៃទេ ព្រោះគេគិតថាហូបខ្លួនឯង ដោយជំនួសមកវិញនូវការសែនមាន់ ទា ឬ ត្រីជាដើម ។

ជ្រូកខ្វៃនៅក្នុងរដូវបុណ្យសែនចូលឆ្នាំចិន ដែលជាប្រពៃណីរបស់ជនជាតិចិន និងខ្មែរកាត់ចិន ពិតជាមានហាងឆេងនៅថេជារៀងរាល់ឆ្នាំ ដូចជាបុណ្យសែនក្បាលទឹក បុណ្យសែនឆេង ម៉េង វៀតណាមអញ្ចឹងដែរ ។ ឆ្នាំនេះ ក្នុងសែនចូលឆ្នាំចិន មានអតិថិជននៅក្នុងក្រុងភ្នំពេញក៏ដូចបណ្តាខេត្តបានកម្មង់កក់អោយខ្វៃជ្រូកជាហូហែរ ដោយអ្នកស្រីបានរៀបរាប់ថាក្នុង១រដូវៗ ការលក់មិនតិចជាង៣០០ទៅ៤០០ជ្រូកនោះទេ មាន់ទាវិញពី១ពាន់ទៅ១២០០ក្បាលដែរ។ ចំណែកតម្លៃជ្រូកខ្វៃក្នុងថ្ងៃសែនវិញ មានតម្លៃនៅថេដូចឆ្នាំមុនដែរ គឺ តម្លៃលក់ជ្រូកខ្វៃឆ្អិនទាំងមូលមានទៅតាមគីឡូនៃជ្រូកខ្វៃតូចធំ ។

ប្រជាជនចិន ឬខ្មែរកាត់ចិនមួយចំនួន តែងកាត់យកផ្នែកសំខាន់ៗនៃជ្រូកខ្វៃ ទៅឆ្អើរភ្លើងឲ្យក្រៀម ទុកគ្រាន់ដាក់នៅកន្លែងរកស៊ី។ ពួកគេមានជំនឿថា វានឹងអាចនាំលាភដល់ការប្រកបរបររកស៊ី និងដឹងច្បាស់ពីជំនឿនេះតពីដូចតាមក បានប្រាប់ពីកន្លែងសំខាន់ទាំង៥ ត្រូវកាត់ទុក ដូចជា ខួរជ្រូក គឺតំណាងឲ្យប្រាជ្ញា ស្មារតី និងភាពឈ្លាសវៃ។ តាមជំនឿ វាគឺជារបស់ពិសេសជាងគេ ដែលអាចឲ្យអ្នកជួញដូរមានភាពវៃឆ្លាត និងគំនិតថ្មីៗក្នុងការរកស៊ីឈ្នះគេក្នុងឆ្នាំថ្មីជាដើម។ ប៉ុន្តែគេច្រើនកាត់មួយដុំតូចប៉ុណ្ណោះនៃខួរជ្រូក ដើម្បីរក្សាទុក ។ ត្រចៀកជ្រូកទាំងពីរ គឺជាផ្នែកមួយសំខាន់ផងដែរ ដែលគេតែងកាត់វាទុក ព្រោះគេជឿថាត្រចៀកគឺជាសរីរាង្គមួយដែលអាចឮដំណឹងផ្សេងៗជិតឬឆ្ងាយ ហើយបើអ្នករកស៊ីវិញ គឺគេចាំស្ដាប់ដំណឹងដែលភ្ញៀវមករកទិញជាដើម ។

ច្រមុះជ្រូក ជាធម្មតាសត្វជ្រូកតែងប្រើច្រមុះរបស់វា សម្រាប់ហិតក្លិន និងដើម្បីឈ្មុសឈ្មុលរកចំណីស៊ី ប្រៀបដូចជាអ្នកជួញដូរដែលត្រូវខិតខំស្វះស្វែងរកអតិថិជនរបស់ខ្លួនដូច្នោះដែរ ។ ក្រចកជើងទាំងបួន ត្រូវគេជឿថាអាចនាំឲ្យមុខរបររកស៊ីដើរឆ្ពោះទៅមុខ ព្រោះជ្រូកអាចដើរទៅមុខបានក៏ដោយសារតែជើងទាំងនេះដែរ។ ម្យ៉ាងពេលដែលជ្រូកខ្វៃដេក គឺជើងខាងមុខរបស់វាបត់ចូល ប្រៀបដូចជាកាយនាំទ្រព្យដល់ម្ចាស់ផ្ទះអ៊ីចឹងដែរ ។ កន្ទុយជ្រូក របស់វាសម្រាប់បក់ដេញរុយ ឬសត្វល្អិតជាដើម។ ដូច្នេះ អ្នករកស៊ីទុកកន្ទុយជ្រូកសម្រាប់ឲ្យវាដេញឧបសគ្គ និងឧបទ្រពចង្រៃនានាចេញពីហាងលក់ដូររបស់ពួកគាត់ ។

សរុបមក ភាគច្រើនម្ចាស់ផ្ទះតែងតែរក្សាទុកផ្នែកក្បាល និងជើងនៃជ្រូកខ្វៃ សម្រាប់ចែកឲ្យបងប្អូនកូនចៅរបស់ខ្លួនតែប៉ុណ្ណោះ ហើយចំណែកសាច់វិញ ទើបពួកគាត់ចែកឲ្យទៅមិត្តភ័ក្ដិ និងភ្ញៀវដែលមកចូលរួមពិសាអាហារជាមួយគ្នា ។  ក្នុងឱកាសបុណ្យសែនចូលឆ្នាំថ្មីប្រណីជនជាតិចិន ក្រុមការងារព័ត៌មានអប្សរាសង់ត្រាល់ សូមគោរពជូនពរដល់ប្រិយមិត្តអ្នអាន និងទស្សនាបណ្តាញផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍អប្សរា រកទទួលទានមានបាន ចំរើនសួស្តី សុខភាពល្អ និងទទួលលាភសំណាងពេញផ្ទះគ្រប់ៗគ្នា ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី