ឈ្នះមិនអស់ចិត្ត! អ្នកគាំទ្រអារ៉ាប៊ីសាអូឌីត ឆ្លៀតអបអរស្ទាយ ‘Siu’ របស់ Ronaldo ឌឺ Messi ទៀត

23280
  • ក្រោយយកឈ្នះលើក្រុមខ្លាំងអាហ្សង់ទីន អ្នកគាំទ្រអារ៉ាប៊ីសាអូឌីត បានអបអរស្ទាយរបស់ Ronaldo ឌឺទៅកាន់ Lionel Messi។
    ក្រុមមកពីទ្វីបអាស៊ីអារ៉ាប៊ីសាអូឌីត បានយកឈ្នះទៅលើក្រុមជម្រើសជាតិអាហ្សង់ទីន គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នេះ ដែលបានធ្វើឱ្យអ្នកគាំទ្រមកពីប្រទេសមហាសេដ្ឋីមួយនេះ សប្បាយចិត្តជាខ្លាំង។
    អ្នកគាំទ្រជុំវិញពិភពលោក គ្មាននរណារំពឹងថាក្រុមខ្លាំងដែលប្រមូលផ្ដុំទៅដោយកីឡាករលំដាប់កំពូលលើពិភពលោក ដែលមានរួមទាំងម្ចាស់ពាន Ballon D’or ៧សម័យកាលដូចជាអាហ្សង់ទីននេះ បែរជាទៅចាញ់ក្រុមមកពីអាស៊ី ដែលមានកីឡាករលេងនៅស្រុកដូចអារ៉ាប៊ីសាអូឌីតនោះឡើយ។ ប៉ុន្តែក្នុងបាល់ទាត់អ្វីក៏អាចកើតឡើងដែរ ដូចពាក្យគេនិយាយថាបាល់មូលទាស់ចប់ ៩០នាទីទើបដឹងថាអ្នកណាខ្លាំងជាងអ្នកណា។
    ក្រោយពីបញ្ចប់ការប្រកួតនេះ ក្រុមអ្នកគាំទ្រអារ៉ាប៊ីសាអូឌីត បានស្រែកច្រៀង និងអបអរនៅខាងក្រៅកីឡដ្ឋាន។ ការច្រៀងនិងអបអរគ្មានអ្វីប្លែកនោះទេ សម្រាប់ក្រុមដែលទទួលបានជ័យជម្នះ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្រុមអ្នកគាំទ្រអារ៉ាប៊ីសាអូឌីត បាននាំគ្នាអបអរស្ទាយ ‘Siu’ ដ៏ល្បីល្បាញរបស់ Ronaldo ថែមទៀតផង។
    ច្បាស់ណាស់ ការអបអរស្ទាយ ‘Siu’ របស់ Cristiano Ronaldo នេះ អ្នកគាំទ្រអារ៉ាប៊ីសាអូឌីត ចង់ឌឺទៅកាន់អ្នកគាំទ្រ និងប្រធានក្រុមអាហ្សង់ទីន Lionel Messi ដែលជាគូរប្រកួតប្រជែងធំបំផុតរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ នៅក្នុងកីឡាបាល់ទាត់រយៈពេលជិត ២០ឆ្នាំមកនេះ។ ខណៈអាហ្សង់ទីន ដែលគេរំពឹងថា មានភាគរយខ្ពស់ក្នុងការគ្រោងជើងឯកពិភពលោក World Cup ឆ្នាំនេះ បែរជារងបរាជ័យនៅជំនួបបើកឆាកវគ្គចែកពូលទៅវិញ៕ ទស្សនាវីដេអូ៖  https://www.youtube.com/watch?v=ms7leoIy7QU  ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី