
Wayne Rooney បាននិយាយអំពីការចាកចេញរបស់ Cristiano Ronaldo ពី Manchester United បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានយល់ព្រមលើការបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយក្លឹប។
បទសម្ភាសន៍ដ៏ល្បីរបស់ Ronaldo បានធ្វើឱ្យគាត់ចាកចេញពីទឹកដី Old Trafford ដោយកីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានរិះគន់ស្ទើគ្រប់យ៉ាងទាំងអស់នៅ Manchester United។ បន្ទាប់ពីការរិះគន់លើកីឡាករ និងគ្រូបង្វឹក ក៏មានសេចក្តីរាយការណ៍ថា មិត្តរួមក្រុមរបស់គាត់មិនចង់ឱ្យខ្សែប្រយុទ្ធរូបនេះត្រលប់មកក្លឹបវិញនោះទេក្រោយការប្រកួត World Cup។
ភាគីទាំងពីរបានយល់ព្រមលើការបញ្ចប់កិច្ចសន្យារបស់ Ronaldo ហើយ ដោយក្លិប Manchester United បានបញ្ជាក់ពីការចាកចេញរបស់តារាព័រទុយហ្គាល់នៅលើគណនី Twitter របស់ពួកគេថា៖ “Cristiano Ronaldo នឹងត្រូវចាកចេញពី Manchester United ដោយកិច្ចព្រមព្រៀងយល់ព្រមទៅវិញទៅមក ដោយមានប្រសិទ្ធិភាពភ្លាមៗចាប់ពីពេលនេះតទៅ”។
ក្នុងចំណោមអ្នករិះគន់ខ្លាំងៗទៅលើ Ronaldo គឺមានអតីតមិត្តរួមក្រុមលោក Gary Neville និង Wayne Rooney។ ប៉ុន្តែជាមួយគ្នានេះ Ronaldo ក៏បានវា.យបកវិញចំពោះការរិះគន់របស់អ្នកចាត់ការ DC United ដោយលើកឡើងថា Rooney ច្រណែននឹងការពិតដែលគាត់នៅតែលេងក្នុងកម្រិតកំពូល និងរឿងជាច្រើនផ្សេងទៀត ដែលធ្វើឱ្យអតីតកីឡាករអង់គ្លេសខាងលើ ស្ពឹកមុខមួយទំហឹងផងដែរ។
តែរឿងនេះមិនទាន់ចប់ភាគនៅឡើយទេ ដោយ Rooney បានចេញមកនិយាយអំពីការចាកចេញរបស់ Ronaldo ថាជារឿងដ៏អាម៉ាស់បំផុត។ Rooney បានប្រាប់ Sport 18 ថា៖ “តើខ្ញុំភ្ញាក់ផ្អើលអំពីការចាកចេញនេះទេ? ‘No’។ មិនមានជម្រើសផ្សេងទេ ប៉ុន្តែវាជាការអាម៉ាស់មួយ។ ព្រោះគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់របស់ក្លឹប។ តែខ្ញុំសូមជូនពរឱ្យគាត់ល្អបំផុតគ្រប់ទីកន្លែងដែលគាត់ទៅ”៕ ដោយ៖ វិទូ