
តម្លៃក្លិប Manchester United អាចឡើងដល់ ៥ ពាន់លានផោន ដែលនឹងធ្វើឲ្យក្លឹបអង់គ្លេសមួយនេះក្លាយជាក្លិបថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រកីឡា។
ក្រុមគ្រួសារ The Glazers បានសម្រេចចិត្តបើកការលក់ក្លិប Manchester United ហើយ ប្រសិនបើនរណាម្នាក់ចង់ទិញក្លឹបនេះ ពួកគេអាចមកចរចាទិញបាន ប៉ុន្តែអ្វីគ្រប់យ៉ាងហាក់ដូចជាបង្ហាញថា ក្លិបយក្សមួយនេះនឹងមិនមានតម្លៃថោកសម្រាប់អ្នកដែលចង់បាននោះទេ។
យោងតាមសេដ្ឋវិទូដែលគួរឱ្យទុកចិត្តលោក Kieran Maguire ដែលបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានលើកឡើងថា Manchester United នឹងមានតម្លៃប្រហែល ៥ ពាន់លានផោន។ អ្វីដែលលើសពីនេះទៅទៀត ក្លិបបាល់ទាត់ដ៏ល្បីល្បាញមួយនេះ តម្លៃអាចហក់ឈានទៅដល់ ៥.៥ ពាន់លានផោនឯណោះ។
តម្លៃខាងលើនេះនឹងបំបែកកំណត់ត្រាទឹកប្រាក់ចំនួន ៤.២ ពាន់លានផោនដែល Chelsea ត្រូវបានលក់កាលពីនិទាឃរដូវ នៅពេលដែលមហាសេដ្ឋី Todd Boehly បានដេញថ្លៃទិញយកពីលោក Roman Abramovich ដែលត្រូវបានបង្ខំឱ្យលក់ ដោយសារតែទណ្ឌកម្មទៅលើមហាសេដ្ឋីរុស្ស៊ី។
នៅក្នុងបញ្ជីក្លិបយក្សចំនួនបី ដែលជាក្លឹបកីឡាដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក៏មាន Liverpool ប្រសិនបើលក់ក៏មានតម្លៃប្រហែល ៥ ពាន់លានផោនផងដែរ ប៉ុន្តែ Man United ទោះលេងមិនសូវបានល្អក៏ពិតមែន តែតម្លៃចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលគេតែងតែចាត់ថ្នាក់ជាក្លឹបមានតម្លៃបំផុតនៅលើពិភពលោក៕
ដោយ៖ តារា