ថ្មីចែស! កីឡាករម្នាក់ឱ្យបងប្រុសបង្កើត រៀបការជាមួយប្រពន្ធខ្លួនជំនួស ព្រោះមូលហេតុមួយ

21282
  • ខ្សែប្រយុទ្ធ Mohamed Buya Turay របស់ក្លិប Malmo បានខកខានពិធីមង្គលការផ្ទាល់ខ្លួនរបស់គាត់ បន្ទាប់ពីក្លឹបបានស្នើសុំឱ្យគាត់ចូលរួមក្រុមភ្លាមៗ។
    កីឡាករវ័យ ២៧ ឆ្នាំបានចុះហត្ថលេខាឱ្យក្រុមរបស់ស៊ុយអែត កាលពីរដូវក្ដៅនេះ បន្ទាប់ពីលេងនៅក្របខណ្ឌលីគកំពូលរបស់ចិនឱ្យក្រុមដូចជា Hebei China Fortune និង Henan Songshan Longmen។ ការផ្ទេរនេះត្រូវបានប្រកាសដោយ Malmo នៅថ្ងៃទី២២ ខែកក្កដា ដោយតម្រូវឱ្យកីឡាកររូបនេះត្រូវធ្វើដំណើរទៅកាន់ស៊ុយអែតមុន ប៉ុន្តែពិធីមង្គលការរបស់គាត់នៅ Sierra Leone គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា។
    Malmo ចង់ឱ្យគាត់បង្កើតទំនាក់ទំនងជាមួយមិត្តរួមក្រុមរបស់គាត់ឱ្យបានឆាប់រហ័ស ហើយដោយសារតែគាត់មិនអាចនៅពីរកន្លែងក្នុងពេលតែមួយបាន Turay ត្រូវបង្ខំចិត្តឱ្យបងប្រុសរបស់គាត់ ដើរតួធ្វើជាកូនកម្លោះនៅក្នុងពិធីមង្គលការ ជាមួយមិត្តស្រីរបស់គាត់នាង Suad Baydoun ជំនួសរូបខ្លួន។ Turay បានបង្ហោះរូបភាពបីសន្លឹករបស់គាត់ និងប្រពន្ធរបស់គាត់ នៅលើបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែបានបញ្ជាក់ថារូបភាពទាំងនោះត្រូវបានថតមុនពេលពិធីមង្គលការទេ។
    Turay បានប្រាប់ Afton Bladet ថា៖ “យើងបានរៀបការនៅថ្ងៃទី២១ ខែកក្កដានៅ Sierra Leone។ ប៉ុន្តែខ្ញុំមិនបាននៅទីនោះទេ ដោយសារតែ Malmö បានសុំឱ្យខ្ញុំមកទីនេះមុន។ យើងបានថតរូបទុកជាមុន ដូច្នេះមើលទៅដូចជាខ្ញុំនៅទីនោះ ប៉ុន្តែខ្ញុំអត់នៅទីនោះទេ បងប្រុសខ្ញុំត្រូវតំណាងឲ្យខ្ញុំក្នុងពិធីមង្គលការរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនឹងព្យាយាមនាំនាងទៅប្រទេសស៊ុយអែត និង Malmö ដើម្បីឱ្យនាងនៅជិតខ្ញុំ។ នាងនឹងរស់នៅទីនេះជាមួយខ្ញុំ”។
    នេះជារឿងមួយគួរចាប់អារម្មណ៍ជាខ្លាំង អាចថាជារឿងមួយដ៏កម្រកើតឡើង ដែលសាម៉ីខ្លួនមិនបានចូលរួមក្នុងពិធីមង្គលការរបស់ខ្លួន ដោយឱ្យអ្នកផ្សេងចូលរោងជ័យជំនួសបែបនេះ។ ប៉ុន្តែនេះសរបញ្ជាក់ថា ខ្សែប្រយុទ្ធ Mohamed Buya Turay ជាមនុស្សមានទំនួលខុសត្រូវខ្ពស់នៅក្នុងការងារ ដោយសុខចិត្តមិនចូលរួមក្នុងកម្មវិធីពិសេសបំផុតក្នុងឆាកជីវិតរបស់ខ្លួន ដើម្បីទៅបំពេញការងារដែលជាក្ដីស្រមៃរបស់គាត់៕ ដោយ៖ តារា

    ប្រភព :
    Sportbible
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី